អនុប្រធានទី២ព្រឹទ្ធសភាអំពាវនាវឱ្យ រដ្ឋាភិបាលថៃពិចារណាដំណោះស្រាយដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសជម្លោះបន្ថែម
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥--
ចំពោះជម្លោះព្រំដែនកម្ពុជា- ថៃ អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាបានអំពាវនាវឱ្យ រដ្ឋាភិបាលថៃពិចារណាដំណោះស្រាយដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសជម្លោះបន្ថែមទៀត។
ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ (The 16th AIPA Caucus) នៅវិមានរដ្ឋសភានៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់យ៉ាងដូច្នេះថា៖"ទស្សនវិស័យអាស៊ាន សម្រេចទៅបាន លុះត្រាតែអាស៊ានប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាផ្អែកលើច្បាប់ គោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិដោយស្មោះត្រង់ទៅវិញទៅមក"។
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន AIPA ដែលបានរៀបចំកិច្ចប្រជុំនេះប្រកបដោយជោគជ័យ និងស្នើឱ្យមានការពិចារណាបង្កើត វេទិកាអ្នកដឹកនាំសភា AIPA ដើម្បីជាវេទិកាថ្មីមួយទៀតដល់សភា ក្នុងការជជែក ស្វែងរកដំណោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានរាប់មិនអស់ ។

ឯកឧត្តមបណ្ឌិត បានលើកឡើងពីករណីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ជូនគណៈប្រតិភូជាសមាជិកសភាបរទេសទាំងអស់ថា តំណាងរាស្រ្តកម្ពុជាទាំងអស់ បានគាំទ្រជាឯកច្ឆន្ទចំពោះការយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ តាមគំរូសំណុំរឿងសិង្ហបុរី-ម៉ាឡេស៊ីក្នុងឆ្នាំ ២០០៨ និងសំណុំរឿងម៉ាឡេស៊ី-ឥណ្ឌូនេស៊ី ឆ្នាំ១៩៩៨។ បន្ទាប់ពីការចរចាអស់២៥ឆ្នាំ គ្មានលទ្ធផលដុំកំភួន និងមានជម្លោះជាបន្តបន្ទាប់។

ឯកឧត្តម បានអំពាវនាវឱ្យ រដ្ឋាភិបាលថៃពិចារណាដំណោះស្រាយដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសជម្លោះបន្ថែមទៀតដែលបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករបួសទាំងសងខាង។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ “ទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ” សម្រេចទៅបាន លុះត្រាតែអាស៊ានប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាផ្អែកលើច្បាប់ គោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដោយស្មោះត្រង់ទៅវិញទៅមក៕
ដោយ៖ ប៊ុនរិទ្ធ ,រូបថត៖ ហ៊ុន យុទ្ធគន្ធ





