អភិបាលរងស្រុកស្ទោង៖ ថវិកាមូលនិធិឃុំពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥--
លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានលើកឡើងថា ថវិកាមូលនិធិឃុំពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងឱកាសចូលរួមកម្មវិធីដេញថ្លៃវិនិយោគគម្រោងមូលនិធិឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាឃុំចំណាលើ។

លោក សួគ៌ ប៊ុនធង បានសង្កត់ធ្ងន់ថា ផ្លូវបេតុងថ្មីដែលបានដាក់ឱ្យដេញថ្លៃនៅក្នុងឱកាសនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលចរាចរណ៍ការធ្វើដំណើរក្នុងមូលដ្ឋានរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស ទៅវិទ្យាល័យហ៊ុនសែនចំណាលើ ដែលភ្ជាប់ពីឃុំចំណាក្រោម បានដោយសុវត្ថិភាពឆាប់រហ័សជាងមុន ហើយបានភ្ជាប់ទំនាក់ទំនងមធ្យោបាយរវាងភូមិនានានៅក្នុងឃុំបានកាន់តែជិតបង្កើយនឹងគ្នាថែមទៀត។

ទន្ទឹមនឹងនេះ លោកអភិបាលរងស្រុកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំចំណាលើត្រូវធ្វើសេចក្តីជូនដំណឹងឱ្យបានទូលំទូលាយដល់ពុកម៉ែបងប្អូនដែលនៅជាប់សងខាងផ្លូវដែលត្រូវធ្វើនេះដើម្បីជួយសហការក្នុងការបើកពង្រីកឬសម្របសម្រួលផ្សេងៗក្នុងការធ្វើផ្លូវនេះបានដោយរលូនមានគុណភាពប្រើប្រាស់បានយូរ ហើយលោកបានលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរឃុំចំណាលើ និងអ្នកទទួលការ ត្រូវសហការគ្នាក្នុងការធ្វើផ្លូវបេតុងថ្មីនេះប្រកបដោយបទដ្ឋានបច្ចេកទេស តាមកិច្ចសន្យាជាពិសេសត្រូវធ្វើផ្លូវនេះបានឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋទៅក្នុងមូលដ្ឋានឆាប់បានប្រើប្រាស់។

លោកអភិបាលរងស្រុកស្ទោងបានអបអរសាទរក្រៃលែងជាមួយប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើដែលបានទទួលនូវចំណងដៃថ្មីពីរាជរដ្ឋាភិបាលនូវផ្លូវបេតុងដែលជាថវិកាមូលឃុំ និងជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
សូមបញ្ជាក់ថាផ្លូវបេតុងថ្មីដែលដាក់ដំណើរការដេញថ្លៃនៅក្នុងពេលនេះមានប្រវែង១៧០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលមានថវិកាប៉ាន់ស្មានសរុប ១១៧៥៥០៧៣០រៀល៕
ដោយ ស៊ុម វណ្ណា





