កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥--
នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំដោយលោក អៀង ដាំ ប្រធានមន្ទីរ នាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជនៃមន្ទីរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារប្រចាំខែសីហាឆ្នាំ២០២៥របស់មន្ត្រីអភិវឌ្ឍន៍ជនបទមូលដ្ឋានរួចមក លោក អៀង ដាំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំអនុវត្តការងារយ៉ាងខ្ជាប់ខ្ជួនប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទកៈ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបម្រើឱ្យការរស់នៅសុខក្សេមក្សាន្ត និងស៊ីវិល័យរបស់ប្រជាពលរដ្ឋយើង។
ក្នងអង្គប្រជុំ លោក អៀង ដាំ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី ៦ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ កសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ។
លោកប្រធានមន្ទីរបានបន្តទៀតថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគោលដៅជាយុទ្ធសាស្ត្រចំនួន ៥ គឺ៖ទី១) ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់, ទី២) បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥) ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ ជាមួយនេះ រាជរដ្ឋាភិបាល បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខុដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួនបួនគឺ៖ ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព។ ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរកសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើត ភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាមសហគមន៍ជនបទ និងជាពិសេសសហគមន៍ជនជាតិដើមភាគតិច។ ទី៤. ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសអនុវត្តន៍តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងបានលើកឡើងពីគុណូបការៈ នៃថ្នាក់ដឹកនាំជំនាន់មុន ដែលសម្រេចបាននៅសមិទ្ធផលជាច្រើន ព្រមទាំងបទពិសោធន៍ដឹកនាំដែលជាគំរូល្អៗសម្រាប់ការដឹកនាំបន្តវេន៕
ដោយ លឹម សាន្ត





