ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាននៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការនៅទីបញ្ជាការជួរមុខ សមរភូមិទិសទី៣ យោធាភូមិភាគទី៤
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនាយទាហាននៃបញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ នៅទីបញ្ជាការជួរមុខ សមរភូមិទិសទី៣ យោធាភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្ដម នាយឧត្ដមសេនីយ៍សាស្រ្តាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ មេបញ្ជាការ មេបញ្ជាការរង នាយពលទាហាន ទាំងអស់ នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនយុទ្ធជនទាំងអស់គ្នា ហើយក៏សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិរបស់យើង។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់បងប្អូននាយទាហាន និងកងការពារព្រំដែនទាំងអស់ ថែរក្សាសុខភាព និងបន្តពង្រឹងស្មារតីឱ្យបានខ្ជាប់ខ្ជួនក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្ដីសុខក្សេមក្សាន្ត របស់ប្រទេសជាតិយើង និងសូមជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយមិនឲ្យប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ ព្រោះកម្ពុជាមានសុឆន្ទៈ និងគោលនយោបាយច្បាស់លាស់ក្នុងការបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយជាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ប្រជាពលរដ្ឋនៅជាប់ព្រំដែន គឺជាអាទិភាពចម្បងនៃយុទ្ធសាស្ត្រការពារព្រំដែនរបស់កម្ពុជា៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ)





