បទវិចារណកថា៖ អ្នកសៀមរាប ត្រៀមផ្តល់ស្នាមញញឹមស្វាគមន៍អ្នកសារព័ត៌មានរាប់រយនាក់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកសារព័ត៌មានរាប់រយនាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី នឹងមកជួបជុំគ្នាក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ (20th Asia Media Summit) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ នៅខេត្តសៀមរាប ទឹកដីនៃទីបុរាណដ្ឋានរាប់សិបកន្លែង ជាពិសេសគឺប្រាសាទអង្គរវត្តដ៏ល្បីល្បាញនៃកម្ពុជា។

សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ដែលនឹងប្រារព្ធឡើងនៅពេលខាងមុខនេះ មិនមែនជាព្រឹត្តិការណ៍ធម្មតាឡើយ ប៉ុន្តេគឺជាជំនួបកំពូលនៃប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាស៊ី ដូច្នេះនេះគឺជាឱកាសដ៏កម្រដែលសង្ឃឹមថា ភាគីពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលជាម្ចាស់ផ្ទះ ចូលរួមជាមួយគ្នា ដើម្បីឲ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយជោគជ័យ។

ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា ខេត្តសៀមរាបបានទទួលការអភិវឌ្ឍ ហើយបានក្លាយជាទីផ្សារ និងគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោកមកទល់សព្វថ្ងៃនេះ ក៏ដោយសារតែបានមកពីការផ្សព្វផ្សាយ ដូច្នេះនេះគឺជាឱកាសដែលយើងទាំងអស់គ្នាគួរតែនាំគ្នាខិតខំស្វាគមន៍ និងផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលនឹងមកចូលរួមនៅក្នុងអង្គសន្និសីទនាពេលខាងមុខនេះ។

មហាព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅពេលខាងមុខនេះ មិនមែនជាលើកទីមួយនោះទេ កាលពីខែមិថុនាឆ្នាំ២០១៩កន្លងទៅ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះម្តងដែរ ហើយនេះគឺជាលើកទី២ ដែលក្រសួងព័ត៌មាន សហការជាមួយនឹងវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) រៀបចំឡើងជាថ្មីដើម្បីច្បាមយកឱកាស និងដណ្តើមប្រៀបខ្លាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់កម្ពុជានៅក្នុងការលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយនានា ធ្វើការផ្សព្វផ្សាយ លើកកម្ពស់ ធ្វើទីផ្សារផ្សព្វផ្សាយចែករំលែកពីកម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ ដើម្បីពង្រីក និងពង្រឹងកិត្យានុភាពជាតិនៅក្នុងចរន្តនៃសកលភាវូបនីយកម្ម។
ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា នៅពេលដែលយើងធ្វើទីផ្សារឬឃោសនាផលិតផលណាមួយជាមួយមនុស្សតែម្នាក់គឺបានផលតែមនុស្សម្នាក់នោះឯង ប៉ុន្តែប្រសិនបើយើងធ្វើទីផ្សារល្អជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលនឹងមកចូលរួមព្រឹត្តិការណ៍នៅពេលខាងមុខនោះ ផលិតផល ក៏ដូចជាកិត្តិនាមយើងដែលជាម្ចាស់ផ្ទះនឹងអាចដឹងដល់មនុស្សជាច្រើន ពីព្រោះប្រព័ន្ធផ្សព្វផ្សាយមានអ្នកគាំទ្រ មានអ្នកដែលតាមដាន មានអ្នកដែលចាប់អារម្មណ៍ច្រើនលើពិភពលោក។
ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅសៀមរាបហើយនោះ អង្គសន្និសីទរយៈពេល៤ថ្ងៃនេះ នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីប្រទេសនានា ពិភាក្សាគ្នាលើបញ្ហាជាច្រើនដែលជាបញ្ហាប្រឈមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងស្វែងរកយន្តការ និងវិធីសាស្រ្តថ្មីៗដើម្បីពង្រឹក និងពង្រឹងនូវតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងដាក់ចេញនូវយុទ្ធសាស្រ្ត ឆ្លើយតបនឹងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយចង់ដើរតួនាទីមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធផល បម្រើនូវផលប្រយោជន៍ពិតប្រាកដរបស់សាធារណជនទូទៅ។
ប្រធានបទដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនឹងជួបជុំគ្នាពិភាក្សានេះ គឺរួមមាន ប្រព័ន្ធផ្សព្វផ្សាយឌីជីថល បញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ អនាគតនៃប្រព័ន្ធផ្សព្វផ្សាយ ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងការរួមចំណែកដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ និងប្រធានបទជាច្រើនទៀត ។ល។
សូមបងប្អូនគាំទ្រ និងចូលរួមជាមួយយើងខ្ញុំដើម្បីញាំងឲ្យព្រឹត្តិការណ៍នៅពេលខាងមុខនេះនឹងអាចជួយពង្រឹងទៅលើក្របខ័ណ្ឌនៃការទូតព័ត៌មាន ដែលសំដៅទៅលើវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់ក្នុងតំបន់ និងពិភពលោក ដើម្បីធានាបាននូវការផ្សព្វផ្សាយពីកម្ពុជាប្រកបដោយភាពវិជ្ជមាន ដើម្បីឲ្យមជ្ឈដ្ឋានអន្តរជាតិកាន់តែស្គាល់ កាន់តែដឹង កាន់តែយល់ពីកម្ពុជា។
នៅក្នុងពេលបច្ចុប្បន្ននេះ យើងមើលមកព័ត៌មានដូចជាវិស័យមួយដ៏សាមញ្ញ ប៉ុន្តែធាតុពិតវាជាសមរភូមិស្មារតី និងសង្រ្គាមចិត្តសាស្រ្តដ៏ធំ និងក្តៅងំបំផុត ដូច្នេះហើយទើបកម្ពុជាចាំបាច់ត្រូវតែរិៈគិតអំពីបញ្ហានេះដើម្បីធានាបាននូវភាពជាម្ចាស់ការ លើសន្តិសុខព័ត៌មាន ប្រឆាំងទប់ទល់នឹងរាល់ការផ្សព្វផ្សាយដែលមិនពិតនាំឲ្យប៉ះពាល់ដល់កិត្យានុភាព និងសក្តានុពល ក៏ដូចជាថាមពលប្រកបដោយថាមវន្តរបស់ជាតិ។
សរុបទៅ យើងខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជាអ្នកពាក់ព័ន្ធ និងសាធារណជននៅទូទាំងប្រទេស យល់អំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ហើយចូលរួមគាំទ្រ និងតាមដានសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ជាប្រវត្តិសាស្រ្តនេះ៕
AKP





