កីឡាការិនីកម្ពុជាប្រកួត២១គីឡូម៉ែត្រ ក្នុងសាកលវិទ្យាល័យពិភពលោក ជាការបង្ហាញផ្សព្វផ្សាយថាកម្ពុជាអត្តពលិកមានទេពកោសល្យ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- លោក បូរ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានគូសបញ្ជាក់ថា សហព័ន្ធត្រៀមនឹងបញ្ជូនកីឡាករ កីឡាការិនី៣នាក់ចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក ពីថ្ងៃទី១៦-២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ខណៈកីឡាការិនី កាន់ ស្រីរ័ត្ន លេងលើវិញ្ញាសា ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ដែលជាការបង្ហាញផ្សព្វផ្សាយទៅកាន់ពិភពលោកថា កម្ពុជាក៏មានអត្តពលិកមានសក្តានុពល ទេពកោសល្យប្រកួតវិញ្ញាសាចម្ងាយឆ្ងាយនេះដែរ។

លោកអគ្គលេខាធិការ បូរ ពុធរាត្រី លើកឡើងថា៖«ការចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក ឆ្នាំ២០២៥នេះ គឺប្រភេទកីឡាអត្តពលកម្មកម្ពុជាបានចូលរួមប្រកួតលើវិញ្ញាសាខុសពីរាល់ដង ដោយសហព័ន្ធនឹងបញ្ជូនកីឡាការិនីប្រកួតវិញ្ញាសាពាក់កណ្តាលម៉ារ៉ាងតុង ២១គីឡូម៉ែត្រ ដែលបង្ហាញពិភពលោកថាកម្ពុជាយើងក៏មានអត្តពលិកមានសក្តានុពល ទេពកោសល្យរត់ប្រណាំងចម្ងាយឆ្ងាយផងដែរ»។

អគ្គលេខាធិការរូបនេះបន្ថែមថា សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក នៅទីក្រុង Rhine-Ruhr នៅប្រទេសអាល្លឺម៉ង់ ក្នុងខែកក្កដា ឆ្នាំ២០២៥នេះ គឺប្រភេទកីឡាអត្តពលកម្មនឹងបញ្ជូនគ្រូបង្វឹកម្នាក់ គឺលោក ហ៊ុន បូរី និងអត្តពលិក៣នាក់ គឺកីឡាករ ណឹប ច័ន្ទយូរ៉ុង កីឡាការិនី កាន់ ស្រីរ័ត្ន និងកីឡាការិនី សាង លីដា។ អ្វីជាក្តីរំពឹងរបស់សហព័ន្ធ គឺកីឡាករ កីឡាការិនីនឹងធ្វើបានល្អ ជាពិសេសអាចបំបែកគុណផលបច្ចេកទេសរបស់ពួកគាត់ ដែលប្រឹងប្រែងហ្វឹកហាត់កន្លងមក ក៏ដូចជាកំណត់ត្រាប្រកួតស៊ីហ្គេម និងការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត។ «យើងដឹងហើយថា នេះជាការប្រកួតដ៏ធំកម្រិតពិភពលោក ដែលត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ដូចការប្រកួតកីឡាអូឡាំពិកហ្គេម ដែលជាការប្រកួតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក ដោយមានការចូលរួមពីអត្តពលិកខ្លាំងមកពីទ្វីបទាំងអស់ជុំវិញពិភពលោក ជាពិសេសគឺមានការចូលរួមពីអត្តពលិកមកពីទ្វីពអាមេរិក អាហ្វ្រិច អឺរ៉ុបជាដើម»។

ការប្រមូលផ្តុំហ្វឹកហាត់របស់អត្តពលកម្មកម្ពុជាត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក នៅអាល្លឺម៉ងនេះ គឺជាការវាស់ស្ទង់នូវកម្រិតបច្ចេកទេសបន្ថែមទៀត ហើយក៏នឹងធ្វើឱ្យកីឡាករ កីឡាការិនីអត្តពលកម្មកម្ពុជាកាន់តែមានបទពិសោធប្រកួតជាមួយអត្តពលិកកម្រិតអន្តរជាតិឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ក៏ដូជាការប្រកួតអត្តពលកម្មជើងឯកអន្តរជាតិនានា នាខាងមុខផងដែរ។

ជាមួយគ្នានេះ កីឡាការិនី កាន់ ស្រីរ័ត្ន បានលើកឡើងដែរថា«៖នាងខ្ញុំពិតជារំភើបរីករាយ ដែលបានក្លាយជាកីឡាការិនីជម្រើសជាតិក្នុងបេសកកម្មអន្តរជាតិដ៏ធំ ក្នុងការចូលរួមប្រកួតកម្រិតពិភពលោក នៅទ្វីបអឺរ៉ុប ឆ្នាំ២០២៥នេះ។ នាងខ្ញុំនឹងខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតកម្រិតពិភពលោកនេះ»។

លោក បូរ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត
កីឡាការិនីអត្តពលកម្មវ័យ២៣ឆ្នាំរូបនេះធ្លាប់បានហ្វឹកហាតនៅប្រទេសចិន និងធ្លាប់បានចូលរួមប្រកួតកម្រិតអន្តរជាតិដែរ ដូចជាស៊ីហ្គេម ២០២២ នៅប្រទេសវៀតណាម។ វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង ដែលជាវិញ្ញាសាចម្ងាយឆ្ងាយនេះអាចចាត់ទុកថា ជាវិញ្ញាសាមួយដ៏កម្រ ជាពិសេសផ្នែកនារី ដែលមានអត្តពលិកកម្ពុជាតិចតួចបានចូលរួមប្រកួតក្នុងការប្រកួតអន្តរជាតិដ៏ធំមួយនេះ។ នេះជាវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុងដំបូងរបស់កម្ពុជា ដែលកីឡាការិនី កាន់ ស្រីរ័ត្ន នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំ ក្នុងឆ្នាំ២០២៥នេះ។ ប្រភេទកីឡាអត្តពលកម្មកម្ពុជានឹងត្រូវចេញដំណើរ នៅថ្ងៃទី១៧ ខែកក្កដា ស្អែកនេះ ហើយចាប់ផ្តើមប្រកួតពីថ្ងៃទី២១ ខែកក្កដា តទៅ។

កីឡាការិនីអត្តពលកម្ម កាន់ ស្រីរ័ត្ន លេងវិញ្ញាសា២១គីឡូម៉ែត្រ
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ ធ្វើឡើងពីថ្ងៃទី១៦-២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ដែលមានជាង១០០ប្រទេសចូលរួមមកពីជុំវិញពិភពលោក ខណៈកម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡា ៣៥រូបលើ៦ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT។ ប្រតិភូកីឡាកម្ពុជាដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា អនុប្រធានប្រតិភូ ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកនាយបេសកកម្ម អមដោយមន្ត្រីជំនាញជាច្រើនរូបទៀត៕
ដោយ ហេង ណាលីន





