កសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ស្ម័គ្រចិត្តចងក្រងជាសហគមន៍ទំនើប
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- បងប្អូនកសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ម័គ្រចិត្តចងក្រងជាសហគមន៍ទំនើប និងរួមគ្នាធ្វើពិពិធកម្មចេញពីដំណាំដំឡូងមី ដែលជាប្រភេទដំណាំតែងជួបបញ្ហាប្រឈមខាងផ្នែកទីផ្សារច្រើន និងងាកទៅដាំឈើហូបផ្លែជំនួសវិញ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ថា បើតាមលទ្ធផលនៃការពិភាក្សាដែលបានឯកភាពគ្នាជាបឋម ផែនការធ្វើពិពិធកម្មចេញពីផ្ទៃដីដាំដុះដំឡូងមីប្រមាណ១០០ហិកតានេះ នឹងត្រូវបានរៀបចំឡើងជា២ជំហាន ដោយរដូវកាលទីមួយមានចំនួន៥០ភាគរយ និងបញ្ចប់ការដាំដុះដំឡូងមីទាំងស្រុងនៅក្នុងឆ្នាំបន្ទាប់។ សហគមន៍គ្រោងនឹងដាំដុះឈើហូបផ្លែដែលមានតម្លៃបន្ថែមខ្ពស់ និងមានទីផ្សារស្រាប់ ដូចជាសាវម៉ាវ មង្ឃុត ប័រ និងផាស្យុង។

ដើម្បីធានាឱ្យបានថា បងប្អូនកសិករជាសមាជិកមានប្រាក់ចំណូលគ្រប់គ្រាន់និងអាចទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលផ្លាស់ប្តូរពីដំណាំរដូវកាលទៅដំណាំរយៈពេលវែង ក្រសួងកសិកម្ម នឹងជួយបង្កើតមុខរបរថ្មី២ទៀតសម្រាប់សហគមន៍ ដោយរៀបចំផលិតកម្មបន្លែ និងមាន់ស្រែ រួមគ្នានៅលើទីតាំងរួម ដែលមានប្រព័ន្ធស្រោចស្រពពេញលេញ ហើយយ៉ាងហោចណាស់មួយគ្រួសារនឹងមានផ្ទះសំណាញ់មួយខ្នងនិងទ្រុងមាន់មួយទៅតាមលទ្ធភាព។ ដោយឡែក ដើម្បីទទួលបានចំណូលបន្ថែមដែរ សហគមន៍ក៏នឹងដាំដំណាំរយៈពេលខ្លីមួយចំនួននៅចន្លោះឈើហូបផ្លែទាំងនោះ ដូចជាល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និងចេកជាដើម។ ក្រសួងកសិកម្មនឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងទីផ្សារ ជូនដល់សហគមន៍របស់យើង ដើម្បីអនុវត្តផែនការពិពិធកម្មនេះប្រកបដោយជោគជ័យ៕

ដោយ ណយ នឿន





