ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ សហរដ្ឋម៉ិកស៊ិកបានរួមចំណែកដ៏សំខាន់ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា សហរដ្ឋម៉ិកស៊ិកបានចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ដទំនាក់ទំនងល្អ រវាងរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋម៉ិកស៊ិក ព្រមទាំងបានប្តេជ្ញានឹងបន្តកសាងនូវទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះក្នុងជំនួបគួរសម ជាមួយលោកស្រី សេង តក្កនារី កុងស៊ុលកិត្តិយសសហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជា ដើម្បីឈ្វេងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នារសៀលថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា សហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជាមានទំនាក់ទំនងដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ និងសមិទ្ធផលសម្រេចបានកន្លងមក ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលសមិទ្ធផលទាំងនោះបានមកការរួមចំណែកយ៉ាងសំខាន់ពីប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ប្រតិបត្តិករដោះមីន វិស័យឯកជន និងសប្បុរសជននានា ក្រោមការដឹកនាំគ្រប់គ្រង និងសម្របសម្រួលពីអាជ្ញាធរមីន ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធាន។ សកម្មភាពមីននៅកម្ពុជាទទួលបានការវាយតម្លៃខ្ពស់ពីឆាកអន្តរជាតិ ដែលមិនត្រឹមតែដោះស្រាយបញ្ហាមីននៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកនូវបទពិសោធម៌របស់ខ្លួនយ៉ាងច្រើនជូនដល់ប្រទេសមួយចំនួននៅជុំវិញពិភពលោកផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា វិស័យសកម្មភាពមីនត្រូវបានចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចធិបតី បានយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការរួមចំណែកក្នុងការសង្រ្គោះអាយុជីវិត និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ជាពិសេសការកសាងក្តីសង្ឃឹមថ្មី និងកសាងសហគមន៍ឱ្យកាន់តែរីកចម្រើន។ រាជរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងល្អ និងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋម៉ិកស៊ិក និងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានប្តេជ្ញានឹងបន្តកសាងនូវទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះដែរ លោកស្រី សេង តក្កនារី កុងស៊ុលកិត្តិយសសហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជា បានអរគុណចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយលោកស្រីសប្បាយចិត្តដែលបានឃើញនូវស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមសហគមន៍ទទួលបាននូវដីប្រើប្រាស់ប្រកបដោយសុវត្ថិភាព លើដីបោសសម្អាតមីនរួចហើយផងដែរ៕

ដោយ សួស សំរិត





