ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែងពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញដល់យុវជនឱ្យកាន់តែសកម្ម និងប្រកបដោយគុណភាព
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានសន្យាថានឹងជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែងឱ្យពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញដល់យុវជនឱ្យកាន់តែសកម្ម និងប្រកបគុណភាព ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ គ្រូបង្គោល និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងបង្រៀនជំនាញដល់សិស្សគ្រប់ជំនាន់ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសិស្សទទួលបាននូវចំណេះដឹង និងជំនាញមួយដ៏ត្រឹមត្រូវ និងចាំបាច់សម្រាប់ទីផ្សារការងារដែលពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ន។ ការសន្យារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យ៉ាងដូច្នេះក្នុងពិធីបិទវគ្គជំនាន់ទី៣ និងបើកវគ្គជំនាន់ទី៤ នៃវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាល កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ ភាសាអង់គ្លេស និងភាសាចិនដល់យុវជនខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញមោទនភាពចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលជំនាន់ទី៣ ដែលមានយុវជនបានចូលរួមទទួលការបណ្តុះបណ្តាល និងប្រឡងបញ្ចប់ដោយជោគជ័យសរុបចំនួន ៨៣៤នាក់ ដែលនេះជាសមិទ្ធផលក្នុងការរួមចំណែកកសាងធនធានមនុស្សប្រកបដោយសក្តានុពល ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឱ្យអាទិភាពទៅលើមុំទាំង៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសន្យារួមគ្នាជាមួយរដ្ឋបាលខេត្ត និងក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តក្នុងការការពារ និងអភិវឌ្ឍន៍បន្ថែមនូវរាល់សមិទ្ធផលដែលថ្នាក់ដឹកនាំ និងយុវជនជំនាន់មុនបានបន្សល់ទុក។ ឯកឧត្តមបានជំរុញឱ្យយុវជនកសាងខ្លួនក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងបន្តថែរក្សាអប់រំ បំពាក់បំប៉នពន្លកទំពាំងថ្មី ដែលជាក្តីសង្ឃឹមនាពេលអនាគតរបស់ប្រទេសជាតិឱ្យទទួលបានការអប់រំល្អ មានសីលធម៌ល្អ និងមានវិន័យ ដែលអាចបន្តវេនពីដើមឫស្សីប្រកបដោយគុណធម៌ សីលធម៌ មានជំនាញ មានចំណេះដឹងពោរពេញដោយសក្តានុពលសម្រាប់បច្ចុប្បន្ន និងពេលអនាគតជូនប្រទេសជាតិ និងប្រជាជន៕



ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





