៦ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានអ្នកទេសចរជនជាតិបារាំងជាង៧ម៉ឺននាក់ កើនឡើងជិត១៤ភាគរយ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបារាំង ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ កម្ពុជាបានទទួលភ្ញៀវទេសចរជនជាតិបារាំងបានចំនួនប្រមាណ៧៥.០០០នាក់ កើនជិត១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

បញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកក្នុងពេលអញ្ជើញពីស្ថានទូតបារាំងប្រចាំកម្ពុជាដើម្បីអបអរសាទរទិវាបុណ្យជាតិនៃប្រទេសបារាំង កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា “តាមរយៈប្រវត្តិសាស្រ្តរួមគ្នាជាងមួយសតវត្សរវាងកម្ពុជា និងបារាំង និងទំនាក់ទំនងមិត្តភាពដ៏ល្អរហូតមក ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបារាំងចំនួនជិត១សែននាក់នៅឆ្នាំ២០២៤ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ បានចំនួនប្រមាណ៧៥.០០០នាក់ កើនជិត១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤”។

បើតាមការលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឱ្យដឹងដែរថា ការទទួលបានទេសចរពីប្រទេសបារាំងច្រើនដោយសារកម្ពុជា-បារាំងមានទំនាក់ទំនងល្អ និងជាមិត្តយូរលង់ណាស់មកហើយ។ ប្រទេស និងប្រជាជនបារាំង តែងតែប្រារព្ធបុណ្យជាតិរៀងរាល់ថ្ងៃទី១៤ ខែកក្កដា រៀងរាល់ឆ្នាំដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនក្នុងការដណ្តើមគុក Bastille ដែលជានិមត្តិរូបរបបរាជានិយមនាសម័យកាលនោះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ និងជាការរំលឹកពីការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជនបារាំង។
គួរបញ្ជាក់ថាបើតាមឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងនាកន្លងមកនេះដែរថា បានបង្ហាញរបាយការណ៍ស្ថិតិឆ្នាំ២០២៤ ថា អាស៊ានបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង១២៣លាននាក់ កើន៣០.៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ចំពោះកម្ពុជា នៅឆ្នាំ២០២៤ ទទួលទេសចរ អន្តរជាតិ ៦,៧លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។
សូមរម្លឹកថា បើតាមឯកឧត្តម ហួត ហាក់ ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥” កន្លងមក បានរំពឹងទុកថាក្នុងឆ្នាំ២០២៥នេះកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៧លាននាក់៕
ដោយ៖ មករា





