ពលរដ្ឋថៃ ៦នាក់ ឆ្លងដែនខុសច្បាប់ចូលកម្ពុជាបានឃាត់ខ្លួន និងបណ្ដេញទៅវិញ
AKPបន្ទាយមានជ័យថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥ -- កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងទាហានកម្ពុជាបានឃាត់ខ្លួនពលរដ្ឋថៃចំនួន ៦នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ចូលមកទឹកដីកម្ពុជា ក្នុងគោលបំណងស្វែងរកការងារធ្វើ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

យោងប្រភពពីនគរបាលវរការពារព្រំដែនបានឲ្យដឹងថា បន្ទាប់ពីការសួរនាំ ពលរដ្ឋថៃទាំង ៦នាក់នោះបានសារភាពថា ការសម្រេចចិត្តលួចឆ្លងដែនខុសច្បាប់នេះ គឺដោយសារតែពួកគេរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ទាហានថៃ ដែលបណ្ដាលឱ្យបាត់បង់ចំណូល និងខ្វះការងារធ្វើ។ ពួកគេបានបង្ខំចិត្តលួចឆ្លងកាត់ទឹកអូរតាមបណ្ដោយព្រំដែន ដើម្បីស្វែងរកឱកាសការងារនៅកម្ពុជា។

ក្រោយពីបញ្ចប់ការសួរនាំ សមត្ថកិច្ចកម្ពុជាបានធ្វើការបណ្ដេញពលរដ្ឋថៃទាំង ៦នាក់នោះ ត្រឡប់ទៅប្រទេសថៃវិញ។ ករណីនេះបានឆ្លុះបញ្ចាំងពីបញ្ហាលំបាកផ្នែកសេដ្ឋកិច្ចដែលកំពុងជួបប្រទះដោយប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន ជាពិសេសនៅពេលដែលមានការរឹតបន្តឹងការឆ្លងកាត់ព្រំដែន៕

ដោយ៖ ឈុនសារ៉ាត





