ប្រតិភូសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នាំយកអំណោយ និងថវិកាឧបត្ថម្ភកងកម្លាំងជួរមុខនៅខេត្តឧត្តរមានជ័យ
AKPបន្ទាយមានជ័យថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- ប្រតិភូសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឧកញ៉ា អុឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ រួមជាមួយឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប ព្រមទាំងលោក លោកស្រីសមាជិក សមាជិកា និងអាជីវករ ម្ចាស់សហគ្រាសជាច្រើនរូប បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនធំ ទៅប្រគល់ជូនកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅខេត្តឧត្តរមានជ័យ។

ពិធីប្រគល់-ទទួលអំណោយនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់សប្បុរសជន និងតំណាងកងកម្លាំងប្រដាប់អាវុធផងដែរ។

សម្ភារៈឧបភោគ បរិភោគ និងថវិកាដែលបានប្រគល់ជូនកងកម្លាំងជួរមុខ ជាពិសេសនៅតំបន់ប្រាសាទតាមាន់ រួមមាន អង្ករ៦០០ គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥០ យួរ, ទឹកត្រី៥០ យួរ, សៀង ៣០ គីឡូក្រាម, ពងទា ៥០០ គ្រាប់, តង់ ៤៤ តង់,ធូបមូស ២ កេស, ទឹកបរិសុទ្ធ១០០ យួរ, បារី៤ ប៊ិច , អាវភ្លៀង៣១០ អាវ, នំ១៤ កេស, កាហ្វេ ២ កេស, ម្សៅភេសជ្ជ ២៤ កំប៉ុង ថវិកាសរុប១៣,៥៥៧,៣៨១ រៀល និង ៣៨៣ ដុល្លារសហរដ្ឋអាមេរិក។

អំណោយទាំងអស់នេះ ត្រូវបានបែងចែក និងប្រគល់ជូនដល់គោលដៅសំខាន់ៗចំនួន ២ រួមមាន វរៈសេនាតូចនគរបាលការពារព្រំដែនជើងគោក ៧០២ ស្ថិតនៅភូមិគោគសង្កើច ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កងពលតូចថ្មើរជើងលេខ ៤២ ប្រចាំទិសទី ៣ ប្រាសាទតាមាន់ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ឧកញ៉ា អុឹង វណ្ណម៉ៅ បានថ្លែងថា"ការផ្តល់ជូននៅថ្ងៃនេះ គឺពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ ពីព្រោះវាជាការបង្ហាញពីសាមគ្គីភាព និងការដឹងគុណរបស់សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ រួមទាំងសប្បុរសជននានា ចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនកងកម្លាំងជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសូម្បីតែជីវិត ដើម្បីការពារបូរណភាពទឹកដី និងរក្សាសន្តិភាពជូនជាតិមាតុភូមិ។ យើងខ្ញុំសង្ឃឹមថា អំណោយទាំងនេះ នឹងអាចរួមចំណែកបន្ធូរបន្ថយការលំបាក និងជាកម្លាំងចិត្តមួយជំរុញឱ្យបងប្អូនបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់"។

ជាមួយបោះតំណាងកងកម្លាំងប្រដាប់អាវុធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់កងកម្លាំងជួរមុខ។ ការឧបត្ថម្ភនេះ មិនត្រឹមតែជាសម្ភារៈនោះទេ តែក៏ជាកម្លាំងចិត្តដ៏ធំធេង ដែលជំរុញឱ្យពួកគាត់មានភាពកក់ក្តៅ និងកាន់តែរឹងមាំក្នុងការបំពេញភារកិច្ចការពារជាតិ៕


ដោយ៖ ឈុនសារ៉ាត





