ឯកឧត្តមជូ ផារិទ្ធអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១លើការងារថែទាំផ្លូវប្រចាំនិងបញ្ចប់សុពលភាពលើការងារថែទាំផ្លូវខួបចំនួន២គម្រោងនៅខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥ -- គណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម អ៉ីវ អនុរដ្ឋលេខាធិការ តំណាងគណៈកម្មការ ត្រួតពិនិត្យ នឹងវាយតម្លៃ(គ.ត.វ)ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥បានចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវប្រចាំនិងបញ្ចប់សុពលភាព លើការងារថែទាំផ្លូវខួបចំនួន២គម្រោង នៅខេត្តកំពង់ធំ ។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានបញ្ជាក់ថា ការចូលរួមចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវប្រចាំនិងបញ្ចប់សុពលភាព លើការងារថែទាំផ្លូវខួបចំនួន២គម្រោងស្ថិតនៅក្នុងខេត្តកំពង់ធំ រួមមាន÷គម្រោងទី១.ការងារថែទាំខួបផ្លូវចំនួន២ខ្សែដោយក្រាលល្បាយក្រួសប្រវែងសរុប១៣៣០០ម៉ែត្រទទឹង ៤,៥ម៉ែត្រនិង៥ម៉ែត្រកម្រាស់ ០,២ម៉ែត្រស្ថិតនៅក្នុងឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គ ឃុំសំបូរ ស្រុកប្រាសាទសំបូរឃុំនីពេជនិងឃុំដំរីស្លាប់ស្រុកកំពង់ស្វាយ(គម្រោងលេខDRR-PM-2025-No.006)បានបញ្ចប់សុពលភាព។គម្រោងទី២.ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBSTចំនួន ៣ខ្សែប្រវែងសរុប៥៧ ៣០០ម៉ែត្រទទឹង៥ម៉ែត្រនិង៦ម៉ែត្រស្ថិតនៅឃុំសាលាវិស័យឃុំទួលគ្រើលឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គឃុំឈូកស្រុកប្រាសាទសំបូរ ឃុំមានជ័យ ឃុំងនស្រុកសណ្ដាន់ឃុំក្រវ៉ានិងឃុំគគីរធំស្រុកបារាយណ៍និងផ្លូវក្រាលល្បាយក្រួសចំនួន៦ខ្សែប្រវែងសរុប៣៥២៧០ម៉ែត្រទទឹង៤,៥ម៉ែត្រនិង៥ម៉ែត្រស្ថិតនៅឃុំព្រៃគុយ ឃុំកំពង់ស្វាយ ឃុំជ័យស្រុកកំពង់ស្វាយ ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គឃុំកកោះ ឃុំត្បូងក្រពើ ឃុំទីពោស្រុកសន្ទុកឃុំតាំងក្រសៅនិងឃុំស្រើងស្រុកប្រាសាទសំបូរខេត្តកំពង់ធំគម្រោងលេខ (DRR-RM-2025-No.024)(វាយតម្លៃដំណាក់កាលទី១)។ ដែលគម្រោងទាំង២នេះ អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកំពង់ធំប្រើប្រាស់ថវិកាជំពូក៦១។បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកលើការងារ ថែទាំផ្លូវប្រចាំនិងបញ្ចប់សុពលភាពលើការងារថែទាំផ្លូវខួបទាំង២គម្រោងស្ថិតនៅខេត្តកំពង់ធំខាងលើដោយបញ្ចប់ជាស្ថាបពរ។

ឯកឧត្តម ផូ ផារិទ្ធ បានមានប្រសាសន៍លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អពង្រីកថែទាំនិងជួសជុលផ្លូវជនបទដើម្បី បង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផលនិងទំនិញផ្សេងៗ នៅជនបទ។ផ្លូវមានសារៈសំខាន់ណាស់ផ្លូវគឺជាសរសៃឈាម ជំរុញ អន្តរកម្មទាំង ផ្នែក សេដ្ឋកិច្ចនិងសង្គមតាមរយៈការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងប្រែក្លាយ ជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់និងបានកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្រ្តីបច្ចេកទេស ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចការងារថែទាំនិងជួសជុលផ្លូវជនបទ ដោយរក្សាបាននូវគុណភាពល្អប្រសើរ ដែលជាផ្នែកមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមរក្សាគុណភាពផ្លូវជនបទ៕




ដោយ៖ ស៊ុម វណ្ណា





