អាជ្ញាធរខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំត្រៀមរៀបចំប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យចំពោះព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣០វត្ត
AKP កំពង់ឆ្នាំង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យចំពោះព្រះសង្ឃគង់ចាំព្រះវស្សា វត្តចំនួន៣០ ក្នុងស្រុកកំពង់លែង កិច្ចប្រជុំនេះនៅសាលាស្រុកកំពង់លែង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត លោក លោកស្រី និងក្រុមប្រឹក្សាឃុំសង្កាត់ជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះលោ សាន់ យូ បានលើកឡើងថា កម្មវិធីដង្ហែរទៀនព្រះវស្សានេះ ទៅកាន់វត្តចំនួន៣០ ជារៀងរាល់ឆ្នាំ តាមគន្លងប្រពៃណីរបស់ព្រះពុទ្ធសានា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធា បានចូលរួមកសាងទីវត្តអារ៉ាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះលោបានបន្តថា បើគ្មានការដាក់ចេញនិងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតៈនាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ទេនោះច្បាស់ណាស់ថា ប្រជាពលរដ្ឋនៅក្នុងខេត្ត មិនអាចគោរពព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃទៀតបានឡើយ។
ការចូលកាន់ព្រះវស្សាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកប្រគេនព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

លោកអភិបាលរងខេត្តបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ចូលរួមសហការនិងស្នើសុំឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ទទំាងអស់ រក្សាការពារសមិទ្ធផលដ៏មានតម្លៃទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ៕


ដោយ៖ បៃ ស៊ីថុន





