សម្តេចប្រធានរដ្ឋសភាប្រាប់សភាតំណាងប្រជាជនចិនទូទាំងប្រទេសពីជម្លោះព្រំដែនកម្ពុជានិងថៃបង្កឡើងដោយភាគីថៃ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥-- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់សភាតំណាងប្រជាជនចិនទូទាំងប្រទេពីជម្លោះព្រំដែនកម្ពុជានិងថៃដែលបង្កឡើងដោយភាគីថៃហើយកម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព។
ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាខណៈសម្តេច បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង ជីមិន (Mr.Wang Zhimin) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នៅវិមានរដ្ឋសភា។

ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា អំពីគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរបន្ថែមទៀតពិសេសការផ្លាស់ប្តូរបទពិសោធន៍ជាមួយ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា។ ឯកឧត្តម បានយល់ស្របចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អនិងរឹងមាំ កម្ពុជានិងចិន ដែលមានតំាងពីយូរលុងមកហើយ។ ចំណងមិត្តភាពនេះបានពូនជ្រុំឥតឈប់ឈរដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។


ឯកឧត្តមបាន ក៏បានថ្លែងអរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលជាចំណែកយ៉ាងសំខាន់នៅក្នុងការចូលរួមដល់ការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតបត្តិការ នៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ជាពិសេស សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីឆ្នាំកន្លងទៅ ដោយទទួលបានផ្លែផ្កាជាទីមោទនៈនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសទំាងពីរ។ ឯកឧត្តម ប្រធានគណៈប្រតិភូបានលើកឡើងថាប្រទេសចិន មានទស្សនវិស័យថាឆ្នាំ២០៥០ នឹងក្លាយជាប្រទេសសង្គមនិយមដ៏រុងរឿង ជាប្រទេសប្រជាធិបតេយ្យបែបចិន ជាមួយគ្នានេះនៅឆ្នាំ២០៥០ ដដែលនោះប្រទេសកម្ពុជានឹងឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់។
ឯកឧត្តម វ៉ាង ជីមិន មានជំនឿមុតមាំថាប្រទេសកម្ពុជានិងចិន នឹងបន្តធ្វើដំណើររួមឆ្ពោះសម្រេចទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។
ក្រៅពីការជំរុញការវិនិយោគនិងការទាក់ទាញអ្នកទេសចរពីប្រទេសចិនមកកម្ពុជាបន្ថែមទៀត សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋនិយមថា សភាតំណាងប្រជាជនចិន និងគំាទ្រកម្ពុជាបន្ថែមទៀតលើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ដោយហេតុថាវិស័យទំាងពីរនេះ សុទ្ធសឹងជាវិស័យអាទិភាព ជួយដល់ប្រជាពលរដ្ឋ ពីព្រោះថាទំាងការអប់រំនិងសុខភាពជាកត្តាចំបងក្នុងការជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងពីជម្លោះព្រំដែនកម្ពុជានិងថៃដែលបង្កឡើងដោយភាគីថៃ ផងដែរ។ កម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍រួមរស់ដោយសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ កម្ពុជាបានអនុវត្តនូវមធ្យោបាយស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាទ្វេភាគី ផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ ។ ជាពិសេសកម្ពុជាចង់បានណាស់នូវ “ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ប៉ុន្តែភាគីថៃមិនទទួលយកហើយតែងតែបង្កជម្លោះ ពង្រីកពីបញ្ហាព្រំដែនទៅជារឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយបានបិទព្រំដែនជាឯកតោភាគី ធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទំាងពីរពិសេសជីវភាពពលរដ្ឋទំាងសងខាង។

ឯកឧត្តម វ៉ាង ជីមិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំង បានស្តាប់ដោយយកចិត្តទុកដាក់ពីការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា៕
ដោយ៖ ប៊ុនរិទ្ធ





