ឯកឧត្តម ទឹម បូរក្ស អញ្ជើញចូលរួមចុះពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
AKP កំពង់ចាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដោយសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកំពុងសៀម កងរាជអាវុធហត្ថស្រុកកំពង់សៀម កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកៀនជ្រៃ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្រស្រុកកំពង់សៀមបានចំនួន០២ករណី នៅចំណុចចុងព្រែកកៀនជ្រៃ និង ចំណុចវាលកន្ទិល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដោយរុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែង រួមមាន ឧបករណ៍លូស្បៃមុងចំនួន២៨មាត់ របាំងស្បៃមុងប្រវែងចំនួន ៧៨០ម៉ែត្រ បង្គោលចម្រឹងចំនួន៤២០ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់១៣.៥ គ.ក ចាក់ចូលលេងបឹងធម្មជាតិវិញ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានធ្វើការណែនាំដល់មន្ត្រីជំនាញ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៃមន្ទីរកសិកម្មខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចបង្ក្រាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ ដោយកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចូលរួមទប់ស្កាត់ រាល់បទល្មើសនេសាទក្នុងដែនរបស់ខ្លួន ព្រោះរដូវនេះជារដូវពងញាស់របស់ត្រីដើម្បីកំណើនក្នុងដែនធម្មជាតិជាតិនិងសូមអំពាវនាវដល់ សហគមន៍ ប្រជាពលរដ្ឋ រួមគ្នាការពារនៅធនធានមច្ឆជាតិ ដែលជាប្រភពដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ និងធានាបាននូវសន្តិសុខស្បៀង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង៕



ដោយ ឆាយ ម៉ុត





