កិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើតនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើតនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅទីស្តីការក្រសួង នាថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ តំណាងក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រុមការងារជំនាញបច្ចេកទេស គណៈកម្មការដោះស្រាយផលប៉ះពាល់គម្រោង និងភាគីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាការងារបច្ចេកទេសបំពេញបន្ថែមស្របតាមស្ដង់ដារបច្ចេកទេសលើគំនូសប្លង់លម្អិត និងការស្វែងរកដំណោះស្រាយ នៃបញ្ហាប្រឈមរួមគ្នាលើផលប៉ះពាល់ ព្រមទាំងពិនិត្យលើសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ពន្លឿនការសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ធ្វើយ៉ាងណាឱ្យស្របតាមបទដ្ឋានបចេ្ចកទេស សំដៅធ្វើយ៉ាងកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតអប្បបរមា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាន់ពេលវេលាតាមការគ្រោងទុក។

សូមជម្រាបជូនថា គម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ផ្នែកខាងកើត ទៅផ្លូវជាតិលេខ១ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែង ១ ៥៩១ម៉ែត្រ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមការណែនាំដ៏ខ្ពស់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) នាថ្ងៃទី១៩ កុម្ភ: ឆ្នាំ២០២៤៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ)





