រដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេសបានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា
AKP សៀមរាប ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ចំនួនអ្នកទេសចរមកកម្សាន្តនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជា មានការកើនឡើងបើទោះបីជាមានវិបត្តិនានាទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកក្តី។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ានលើគោលការណ៍ណែនាំស្តីពីការវាយតម្លៃលើការសិក្សាពីមុន លើអ្នកជំនាញទេសចរណ៍អាស៊ាន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា បើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់ សង្គ្រាមនិងវិបត្តិ នៅមជ្ឈឹមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការណ៍របស់សហរដ្ឋអាមេរិកយ៉ាងណា ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជាគេឃើញថា មានចំនួនកើនឡើង ដែលនេះវាពិតជាបានឆ្លុះ បញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍របស់អាស៊ាន និយាយជារួម និងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និយាយដោយឡែក ទៅនឹងវិបត្តិខាងលើទាំងនេះ តាមរយៈការបន្តទទួលបាននូវកំណើនភ្ញៀវទេសចរជាវិជ្ជមានគួរកត់សម្គាល់។

ឯកឧត្តម ហួត ហាក់ បានថា យោងរបាយការណ៍ស្ថិតិឆ្នាំ២០២៤ អាស៊ានបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង១២៣លាននាក់ កើន៣០.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ចំពោះកម្ពុជា នៅឆ្នាំ២០២៤ ទទួលទេសចរអន្តរជាតិ ៦,៧ លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៣លាន៣៦ម៉ឺននាក់ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ហើយភ្ញៀវទេសចជាតិ មានប្រមាណ១៤លាន៥៧ម៉ឺននាក់ កើនឡើង៥០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។

ឯកឧត្តម ហួត ហាក់ បានបន្តទៀតថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ គឺកើតចេញមកពីមរតកដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាននៃសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម ដែលបានកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករឆ្នើមនៃ គោលនយោបាយឈ្នះ-ឈ្នះ គឺជាការស្ថាបនាគ្រឹះដ៏រឹងមាំ គួបផ្សំនឹងការថែបំប៉ន បង្កើត និងបង្កើនសមិទ្ធផលថ្មីៗជាច្រើនទៀត ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបានបញ្ជាក់ថា ទន្ទឹមនឹងនេះ តាមរយៈការដាក់ចេញនូវអនុសាសន៍តម្រង់ទិសជាប់ជា ប្រចាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងប្រតិបត្តិតាមអភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ តាមរយៈការខិតខំប្រឹងប្រែងអនុវត្ត ភារកិច្ចប្រកបដោយស្មារតីម្ចាស់ការ បុរេសកម្មសកម្ម និងអន្តរសកម្មពីគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កិច្ចសហប្រតិបត្តិការអន្ដរជាតិ ការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន បណ្ដាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន Influencers និងការចូលរួមពីបុគ្គលម្នាក់ៗ ក្រោមក្របខ័ណ្ឌសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦របស់ក្រសួងទេសចរណ៍ ពិតជាបានចូលរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើនប្រកបដោយលទ្ធផលវិជ្ជមានគួរជាទីកត់សម្គាល់ ដោយឈរលើគោលការណ៍អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន៕

ដោយ ឃុត សៅ





