វេទិកាសាធារណៈនៅឃុំឫស្សីក្រោក៖ អាជ្ញាធរចុះដោះស្រាយដោយផ្ទាល់ជូនប្រជាពលរដ្ឋ
AKPបន្ទាយមានជ័យ ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥ -- រដ្ឋបាលស្រុកមង្គលបូរី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះបានរៀបចំបើកវេទិកាសាធារណៈមួយយ៉ាងផុសផុលនៅឃុំឫស្សីក្រោក ក្នុងគោលបំណងស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម កង្វល់ និងសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់។ វេទិកានេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើសេវាសាធារណៈ និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

វេទិកានេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូប រួមមាន លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតី និងឆ្លើយតបដោយផ្ទាល់ទៅនឹងបញ្ហាដែលបានលើកឡើងដោយប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍សង្កត់ធ្ងន់ពីសារៈសំខាន់នៃវេទិកាសាធារណៈនេះថាជាយន្តការដ៏សំខាន់ក្នុងការកៀរគរកង្វល់ពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរអាចរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋឱ្យបានញឹកញាប់។
ចំណែកឯ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបងប្អូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មក្នុងការលើកឡើងនូវបញ្ហាផ្សេងៗ។
លោកបានប្តេជ្ញាចិត្តថា រដ្ឋបាលស្រុកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយរាល់កង្វល់ និងសំណូមពរទាំងអស់ដែលបានលើកឡើងនៅក្នុងវេទិកានេះ។

លោកក៏បានឆ្លើយបំភ្លឺ និងផ្តល់ដំណោះស្រាយបឋមចំពោះបញ្ហាមួយចំនួនដែលជាសមត្ថកិច្ចរបស់រដ្ឋបាលស្រុកភ្លាមៗផងដែរ។
សូមបញ្ជាក់ថាបញ្ហាប្រឈម កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិកានេះ ប្រជាពលរដ្ឋមកពីភូមិផ្សេងៗក្នុងឃុំឫស្សីក្រោក បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជាច្រើន ដែលភាគច្រើនផ្តោតទៅលើ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ខូច ស្ពានតូចៗខ្វះខាត ឬខូចខាត ប្រព័ន្ធលូបង្ហូរទឹកមិនល្អ ដែលបណ្តាលឱ្យមានការលិចលង់នៅរដូវវស្សា។
បញ្ហាសេវាសាធារណៈ ការស្នើសុំឱ្យមានការកែលម្អគុណភាពសេវាសុខាភិបាល សេវាអប់រំ និងការបំពេញបែបបទរដ្ឋបាលឱ្យបានឆាប់រហ័ស។

បញ្ហាកសិកម្ម កង្វះខាតទឹកសម្រាប់បង្កបង្កើនផល ការធ្លាក់ចុះតម្លៃកសិផល និងការស្នើសុំប្រព័ន្ធធារាសាស្ត្របន្ថែម។
បញ្ហាសន្តិសុខការស្នើសុំឱ្យមានការបង្កើនការល្បាតដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។
ចំពោះបញ្ហាដែលបានលើកឡើង ថ្នាក់ដឹកនាំទាំងពីររូប រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានធ្វើការកត់ត្រាយ៉ាងល្អិតល្អន់ និងបានផ្តល់ការឆ្លើយតបជាជំហានៗ។ បញ្ហាមួយចំនួនត្រូវបានដោះស្រាយភ្លាមៗនៅនឹងកន្លែង តាមរយៈការណែនាំដល់មន្ត្រីជំនាញឱ្យចុះពិនិត្យ និងចាត់វិធានការ។ ចំពោះបញ្ហាដែលទាមទារពេលវេលា និងថវិកាច្រើន អាជ្ញាធរបានប្តេជ្ញាថានឹងដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍របស់ស្រុក និងខេត្ត ដើម្បីស្វែងរកដំណោះស្រាយសមស្របនាពេលខាងមុខ។

វេទិកាសាធារណៈនាពេលនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យ និងស្រុកមង្គលបូរី ក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ នេះគឺជាគំរូដ៏ល្អមួយនៃការចូលរួមចំណែកពីគ្រប់ភាគីដើម្បីកសាងមូលដ្ឋានឱ្យកាន់តែរីកចម្រើន និងធានាបាននូវជីវភាពរស់នៅល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ៕
ដោយ៖ ឈុន សារ៉ាត់





