ឯកឧត្តម ហ៊ែល តូនី ដឹកនាំកិច្ចប្រជុំស្តីការពង្រឹងប្រសិទ្ធភាពការងាររបស់អាជ្ញាធរទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អាជ្ញាធរទន្លេសាប ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តមអគ្គលេខាធិការ-អគ្គលេខាធិការរង លោកប្រធាន-អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការណែនាំឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូល និងភារកិច្ចចំពោះមុខដែលថ្នាក់ដឹកនាំប្រគល់ជូននាយកដ្ឋាន និងជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារដោយយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងផែនការសកម្មភាពរបស់ខ្លួនឱ្យទទួលបានជោគជ័យ ពង្រឹងប្រសិទ្ធភាពការងារបន្តរក្សាសាមគ្គីភាព សុខដុមនីយកម្មក្នុងអង្គភាព។

ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវរៈចំនួន៣៖ ទី១. របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ទី២. ផែនការ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ និងទី៣. ពង្រឹងប្រសិទ្ធភាពការងារ របស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





