ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ថ្នាក់ដឹកនាំជាតិទាំងជំនាន់មុន និងបន្តមកដល់បច្ចុប្បន្ន តែងតែតម្កល់នូវសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាធំ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- ថ្លែងក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយឥតគិតថ្លៃដែលមានការចូលរួមពីប្រជាពលរដ្ឋជាង៦ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជាតិ ទាំងជំនាន់មុន និងបន្តមកដល់បច្ចុប្បន្ន តែងតែតម្កល់នូវសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាធំ ទន្ទឹមគ្នានឹងកិច្ចការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ក្នុងឱកាសនោះ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា និងកម្លាំងកាយចិត្តរៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះដោយបានគូសបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិតបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល និងតាមរយៈការវិនិយោគពីវិស័យឯកជន វិស័យសុខាភិបាលក្នុងខេត្តព្រៃវែងនឹងកាន់តែមានវឌ្ឍនភាពបន្ថែមទៀតនៅពេលខាងមុខ ដើម្បីឆ្លើយតបបានតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ទាំងទៅលើផ្នែកសេវាកម្ម និងគុណភាព។

យោងតាមរបាយការណ៍លោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្របែកដោយឥតគិតថ្លៃមានគ្រូពេទ្យសរុបចំនួន៤៩១នាក់ដោយពិនិត្យ និងព្យាបាលជំងឺទូទៅមានដូចជា អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ឬសដូងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ដង្កូវព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក តម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





