ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បញ្ជាក់ជូនសម្តេចតេជោប្រធានព្រឹទ្ធសភាថា ស្ពានមិត្តភាពកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបើកការដ្ឋាននាដើមឆ្នាំ២០២៦ ខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានមានប្រសាសន៍ជម្រាបជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ស្ពានមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបើកការដ្ឋានក្នុងពេលឆាប់ៗ នាដើមឆ្នាំ២០២៦ខាងមុខ។ នេះបើតាមការឱ្យដឹង របស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងក្ដីនឹករលឹកផងដែរ បន្ទាប់ពី ឯកឧត្ដម Park Jung-Wook បានបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ជាឯកអគ្គរដ្ឋទូត ហើយបានចូលរួមចំណែកក្នុងការពង្រីកនូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នាពេលកន្លងមក និងពេលបច្ចុប្បន្ន។ សម្ដេចតេជោក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ក្នុងការពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្ដម Park Jung-Wook បានសម្ដែងនូវក្ដីអរគុណជាពន្លឹក ដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្ដមបានចូលជួងសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសនេះ។ ឯកឧត្ដមបានបញ្ជាក់ថា ក្នុងអាណត្តិដែលឯកឧត្ដមបានបំពេញការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០២៣មក បានចូលរួមចំណែកធ្វើកិច្ចការងារ ដើម្បីលើកស្ទួយទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន ជាពិសេសក្នុងអាណត្តិផ្ទាល់របស់ឯកឧត្ដម បានរៀបចំដំណើរទស្សកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរ និងដំណើរទស្សនកិច្ចផ្សេងៗទៀត ដែលបានធ្វើឡើង រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា ក្នុងអាណត្តិរបស់ឯកឧត្ដម បានលើកស្ទួយពង្រីកនូវកិច្ចសហប្រតិបត្តិការ តាមរយៈការចូលរួមចំណែករបស់សាធារណរដ្ឋកូរ៉េ ជួយដល់វិស័យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតក៏បានគូសរំលេចអំពីការផ្ដល់កម្ចីសម្បទានមួយចំនួន ដែលសាធារណរដ្ឋកូរ៉េ បានផ្ដល់ដល់កម្ពុជា សម្រាប់ការអភិវឌ្ឍ ដូចជា ហេដ្ឋារចនាសម្ព័ន ស្ពាន ផ្លូវ ជាដើម ហើយឯកឧត្ដមសង្ឃឹមថា ស្ពានមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបើកការដ្ឋានក្នុងពេលឆាប់ៗនាដើមឆ្នាំ២០២៦ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិត្តចំពោះបេសកកម្មការងាររបស់ឯកឧត្ដម ដែលបានធ្វើក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាក៏បានលើកឡើងថា ទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ ត្រូវបានរៀបចំឡើងនៅឆ្នាំ១៩៩៦ ហើយឆ្នាំ១៩៩៧ គឺជាការចាប់ផ្ដើមទំនាក់ទំនងផ្លូការពេញលេញឡើងវិញរវាងប្រទេសទាងពីរ ហើយទំនាក់ទំនងនេះ គឺជាការបង្កើតឡើងដោយផ្ទាល់តែម្ដង ដោយតួអង្គរបស់សម្ដេច ដែលជាអ្នកខ្នះខ្នែងក្នុងការបង្កើតឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ដូច្នេះទំនាក់ទំនងនេះស្ថិតក្នុងការវិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៧មក។ សម្ដេចតេជោ ក៏បានបញ្ជាក់អំពីទំនាក់ទំនង ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ដែលកំពុងមានការកើនឡើង។

ក្នុងឱកាសនោះ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានសម្ដែងនូវក្ដីអរគុណ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ជាពិសេសការរួមចំណែករបស់សាធារណរដ្ឋកូរ៉េ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្ដមឯកអគ្គរដ្ឋទូតសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរជាលំដាប់ ដោយឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺជាតួអង្គមួយដ៏សំខាន់ ក្នុងការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ៕
ដោយ៖ ជឹម ណារី





