សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវលួង បង្កើនបណ្ដាញសហការការពារធនធានធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥-- បន្ទាប់ពីការបោះឆ្នោតគណៈកម្មការថ្មី កន្លងមកសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវលួង កំពុងបង្ហាញពីភាពដឹកនាំរឹងមាំ និងមានការរួមចំណែកសកម្មពីស្ត្រី ដោយមានស្ត្រីចូលរួម ៥ នាក់ក្នុងចំណោម ១១ នាក់។ គណៈកម្មការថ្មីកំពុងខិតខំអភិវឌ្ឍសមត្ថភាព បង្កើនបណ្ដាញសហការ និងការពារធនធានធម្មជាតិសំខាន់ៗរបស់តំបន់។

ប្រភពពីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ថា ដោយមានការគាំទ្រពីអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife Cambodia គណៈកម្មការថ្មីបានទទួលការបណ្តុះបណ្តាលបន្ថែមអំពីការប្រើប្រាស់កម្មវិធីស្មាតសម្រាប់ប្រមូលទិន្នន័យល្បាត ហើយបានចូលរួមយ៉ាងសកម្មក្នុងការងារល្បាតប្រចាំខែ និងបានសាងសង់ជម្រកត្រីមេពូជនៅក្នុងបឹងអភិរក្ស ដើម្បីការពារធនធានជលផល និងជីវចម្រុះនៅសហគមន៍។

គណៈកម្មការក៏បានពង្រីកកិច្ចសហការបន្ថែមជាមួយអង្គការដៃគូ ដោយចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំនានា រួមមាន កិច្ចប្រជុំអ្នកពាក់ព័ន្ធក្នុងតំបន់រ៉ាមស្ទឹងសែន កិច្ចប្រជុំត្រីមាសជាមួយអង្គការ FACT សិក្ខាសាលាបណ្ដាញសហគមន៍ខាងជើងទន្លេសាប សិក្ខាសិលាបណ្ដាញសហគមន៍អេកូទេសចរណ៍ TEN និងសិក្ខាសាលាស្ដីពីការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាបជាមួយអង្គការ UNESCO ជាដើម ដោយបានបង្ហាញ ផលិតផលត្រីទន្លេ (Tonle Fish) របស់ខ្លួន ដែលទទួលបានការទទួលស្គាល់ និងការកោតសរសើរជាច្រើនសម្រាប់ការងារក្នុងអនាគតផងដែរ។ អង្គការ NatureLife សូមអរគុណយ៉ាងច្រើនចំពោះ មូលនិធិ Critical Ecosystem Partnership Fund សម្រាប់ថវិកាគាំទ្រ៕


ដោយ ណយ នឿន (ប្រភព៖ NatureLife)





