កងកម្លាំងជំនាញជលផលខេត្តកំពង់ចាមបង្កើនការយកចិត្តទុកដាក់ក្នុងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន
AKP កំពង់ចាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥-- រដូវនេះគឺជារដូវបិទនេសាទ ក៏ជារដូវពងញាស់កកើតកូននៃពពួកមច្ឆជាតិដែរ។ ដើម្បីការពារធនធានមច្ឆជាតិ ធានាបាននូវកំណើនមច្ឆជាតិក្នុងដែនធម្មជាតិ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផសខេត្តកំពង់ចាមបានបង្កើនការយកចិត្តទុកដាក់ក្នុងការសហការជាមួយសហការជាមួយអាជ្ញាធរនៅតាមស្រុកនៅតាមដែននេសាទរបស់ខ្លួន ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទក្នុងភូមិសាស្ត្រក្នុងខេត្ត។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការជាមួយអាជ្ញាធរស្រុក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស និងស្រុកបាធាយ បានបង្ក្រាបបទល្មើសនេសាទបាន២ករណី ក្នុងនោះ ភូមិសាស្ត្រស្រុកកងមាសបានចំនួន០១ករណីនៅចំណុចបឹងដំរីឆ្លង ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបង្ក្រាបបានឧករណ៍លូស្បៃមុងចំនួន២៥មាត់ របាំងស្បៃមុងប្រវែង៥០០ម៉ែត្រ បង្គោលចម្រឹងចំនួន២៨០ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់៥គីឡូក្រាម និងភូមិសាស្ត្រស្រុកបាធាយបាន១ករណី នៅចំណុចមុខវត្តអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយបានរុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១២ម៉េត្រ បង្គោលចម្រឹងចំនួន២០ដើម។

លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលខេត្តបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សា សម្បត្តិធម្មជាតិមច្ឆជាតិ កុំនាំគ្នាប្រព្រឹត្តបទល្មើសនេសាទណាដែលត្រូវហាមឃាត់ និងខុសច្បាប់ ដើម្បីកំណើនមច្ឆជាតិក្នុងដែនធម្មជាតិ ពិសេសក្នុងរដូវបិទនេសាទជារដូវពងញាស់របស់មច្ឆជាតិ ព្រោះផលត្រីមានតួនាទីដ៏សំខាន់ក្នុងការធានាបាននូវសន្តិសុខស្បៀង សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ធយើង៕


ដោយ ឆាយ ម៉ុត





