ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងលោកជំទាវ អញ្ជើញចូលរួមពិធីអបអរសាទរទិវាបុណ្យជាតិបារាំង ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យជាតិបារាំង ២០២៥ (French National Day 2025) នៅស្ថានទូតបារាំងប្រចាំកម្ពុជា រៀបចំដោយ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារំាងប្រចាំកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចកាលមានមិត្តភាពយ៉ាងកក់ក្ដៅ ព្រមទាំងបានជម្រាបជូនអង្គពិធីនូវការបញ្ចប់បេសកកម្មរបស់ឯកឧត្តមនៅកម្ពុជា ដោយយកឱកាសនេះឯកឧត្តមបានធ្វើការជម្រាបលាចំពោះ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នជាតិ និងអន្តរជាតិទាំងអស់ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតបារាំងនាពេលកន្លងមក។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារំាងប្រចាំកម្ពុជាបានថ្លែងថា សម្រាប់ឆ្នាំ២០២៥នេះ បារាំងសូមយកទិវាបុណ្យជាតិ ជាពេលវេលារម្លឹកឡើងវិញពីព្រឹត្តិការណ៍ធំៗ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលមានភាពលេចធ្លោមួយចំនួនក្នុងរយៈពេល៣៦៥ថ្ងៃកន្លងទៅ រួមមាន កីឡាអូឡាំពិក២០២៤ នៅទីក្រុងប៉ារីស កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ការបើកព្រះវិហារ Notre Dame ឡើងវិញ កិច្ចប្រជុំកំពូលអំពី AI និងកិច្ចប្រជុំកំពូលអំពីមហាសមុទ្រ UNOC2025៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





