ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការពង្រឹងច្បាប់ទម្លាប់ និងអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត ជាគ្រឹះធ្វើឱ្យស្ថាប័នរឹងមាំ និងមាននិរន្តរភាព
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥-- ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារនីតិកម្មក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់ និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់នៃការកសាងច្បាប់ និងកែលម្អរាល់លិខិតបទដ្ឋានគតិយុត្តក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទៅតាមការវិវត្តទៅមុខនៃសង្គមជាតិ និងពិភពលោកដើម្បីជាប្រយោជន៍រួម ដោយឈរលើគោលការណ៍ពង្រឹងនីតិរដ្ឋ រួមទាំងរបៀបរៀបរយក្នុងសង្គម។ ឯកឧត្តមបានណែនាំឱ្យក្រុមប្រឹក្សានីតិកម្មសម្របសម្រួលការពង្រឹងច្បាប់ដែលមានស្រាប់ និងធ្វើបច្ចុប្បន្នភាពច្បាប់ដែលមានអាយុកាលលើសពី១០ឆ្នាំ ដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែងនៃសង្គម។

គួរកត់សម្គាល់ថា ក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃដឹកនាំដោយប្រធាន១រូបមានឋានៈ និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងមានអនុប្រធានមានឋានៈ និងបុព្វសិទ្ធិស្មើអគ្គនាយក ជំនួយការ ព្រមទាំងមានសមាជិកក្រុមប្រឹក្សានីតិកម្មមានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សានីតិកម្មមានតួនាទីសំខាន់ដូចជា សហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃក្នុងការលើកផែនការកសាង សិក្សា ស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់ផ្សេងៗទៀតរបស់ក្រសួងមហាផ្ទៃឱ្យស្របតាមទិសដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃក្នុងការកសាងបញ្ជីផែនការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាដើម។

ក្រុមប្រឹក្សានីតិកម្មមានអង្គភាពចំណុះចំនួន៥រួមមាន នាយកដ្ឋានរដ្ឋបាលសរុប ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនគរបាលជាតិ ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រសួង ស្ថាប័ននានា និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ។ បច្ចុប្បន្នក្រុមប្រឹក្សានីតិកម្មដឹកនាំដោយឯកឧត្តម ហ៊ន យុវនា ដែលកាន់មុខតំណែងប្រធានក្រុមប្រឹក្សានីតិកម្មចាប់ពីឆ្នាំ២០២២ អមដោយអនុប្រធាន៣០រូប និងសមាជិក៣៨រូប៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





