ឯកឧត្ដម ឃួង ស្រេង ជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែលើ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែលើ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សខណ្ឌមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យប្រធានភូមិនានានៅសង្កាត់ចាក់អង្រែលើ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានាដែលសម្រេចបាន លើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយឱ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋឈានទៅយកជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។ មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សសង្កាត់-ខណ្ឌ ត្រូវចលនាសមាជិកខ្លួន ដើម្បីដណ្ដើមឱ្យបានជោគជ័យក្នុងការបោះឆ្នាត។

ទន្ទឹមនឹងនេះ ក្នុងនាមអាជ្ញាធរដែលជាអ្នកបម្រើប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខដាច់ខាតត្រូវតែមានមុខចុះជួយពួកគាត់មុនគេ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម ដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងសូមឱ្យមន្ត្រីយើងយកគំរូតាមថ្នាក់ដឹកនាំកំពូលរបស់យើង លើកិច្ចការងារ បម្រើប្រជាពលរដ្ឋ។ ដូច្នេះហើយ ចៅសង្កាត់ដែលជាមន្ត្រីបក្សសង្កាត់ផងនោះក៏ជាមន្ត្រីមូលដ្ឋានត្រូវសហការជាមួយអាជ្ញាធរខណ្ឌ អធិការនគរបាល កងរាជអាវុធខណ្ឌមានជ័យ ដែលសុទ្ធជាមន្ត្រីបក្សត្រូវបន្តការយកចិត្តទុកដាក់ក្នុងការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានឱ្យបានល្អជូនប្រជាពលរដ្ឋបញ្ហាសន្តិសុខនេះសំខាន់ណាស់អ្នកណាក៏ត្រូវការសន្តិសុខដែរ។ ចំពោះការការពារជាតិមាតុភូមិ ប្រជាជន ការពារសន្តិភាព និងការពាបូរណភាពទឹកដី ឬព្រំដែនមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគណបក្សជាអ្នកដឹកនាំការពារហើយ។

ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ត្រីនគរបាលប៉ុស្តិ៍ អធិការខណ្ឌ ត្រូវធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ការងារអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិតឯកសារផ្សេងៗ ការបម្រើសេវាធារណៈជូនពលរដ្ឋ ជាពិសេសលើការងារបង្រ្កាបបទល្មើស ក្មេងទំនើង គ្រឿងញៀន និងត្រូវធ្វើការផ្សព្វផ្សាយអំពីផែនការភូមិសង្កាត់មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន សាលារៀន ជាដើម។ យើងមិនអាចឱ្យពួកប្រឆាំងយកបញ្ហាអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាននេះធ្វើជាអាវុធមកសម្លាប់យើងបានឡើយ ហើយកិច្ចការទាំងអស់នេះយើងត្រូវធ្វើឱ្យបានដិតដល់ជូនគាត់៕

ដោយ សួស សំរិត





