ប្រជាពលរដ្ឋស្រុកសំឡូតបរិច្ចាគធុរ៉េនជាង ៤តោន ជូនកម្លាំងយោធាជួរមុខការពារព្រំដែនខេត្តបន្ទាយមានជ័យ
AKPបន្ទាយមានជ័យ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥--ប្រជាពលរដ្ឋចំនួន ២ឃុំ គឺឃុំសំឡូត និងឃុំស៊ុង ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បាននាំយកផ្លែធុរ៉េនប្រមាណជាង ៤តោន រួមជាមួយបន្លែផ្លែឈើជាច្រើនប្រភេទទៀត ទៅប្រគល់ជូនទីបញ្ជាការដ្ឋានទិសទី១បន្ទាយមានជ័យ កាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៥ដើម្បីរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារព្រំដែន និងបូរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា ផ្លែធុរ៉េន និងបន្លែផ្លែឈើទាំងអស់នេះ គឺជាដំណាំដែលបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្កបង្កើនផលដោយខ្លួនឯង ហើយបានរួមគ្នានាំយកមកប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យ ដើម្បីយកទៅបែងចែកជូនដល់កងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យភាពទឹកដី។

លោកមេឃុំទាំងពីរបានសង្កត់ធ្ងន់ថា ការបរិច្ចាគនេះគឺជាទឹកចិត្តសាមគ្គី និងការគាំទ្រយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពជូនជាតិមាតុភូមិ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងពីរឃុំ គឺឃុំសំឡូត និងឃុំស៊ុង ស្រុកសំឡូត ចំពោះទឹកចិត្តដ៏ថ្លៃថ្លានេះ។
លោកបានបញ្ជាក់ថា «ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនប្រជាពលរដ្ឋឃុំសំឡូត និងឃុំស៊ុង ស្រុកសំឡូត ដែលបាននាំយកផ្លែធុរ៉េនជាង ៤តោន រួមទាំងបន្លែផ្លែឈើជាច្រើនមុខទៀត មកប្រគល់ជូនទីបញ្ជាការទិសទី១បន្ទាយមានជ័យ។ ការបរិច្ចាគនេះគឺពិតជាមានតម្លៃដ៏ធំធេងសម្រាប់កម្លាំងជួរមុខរបស់យើង ដែលកំពុងយាមកាមការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីការពារបូរណភាពទឹកដី និងមាតុភូមិកម្ពុជាឲ្យបានគង់វង្ស មិនអនុញ្ញាតឲ្យប្រទេសជិតខាងរំលោភបំពានបានឡើយ។ ការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កងទ័ពក្នុងការបន្តបេសកកម្មដ៏ពិសិដ្ឋនេះ»។

ការបរិច្ចាគនេះបានបង្ហាញពីចំណងសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាការរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាការពារអធិបតេយ្យភាពជាតិ៕
ដោយ៖ ឈុនសារ៉ាត





