អាជ្ញាធរខេត្តសៀមរាបលើកទឹកចិត្តដល់ក្រុមអ្នកផលិតក្នុងស្រុកចូលជាសមាជិកចលនាភូមិ១ផលិតផល១បានកាន់តែច្រើន
AKP សៀមរាប ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥-- លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តសៀមរាប បានលើកទឹកចិត្តឱ្យផលិតករ សិប្បករ ឧស្សហករ ខិតខំជួយផ្សព្វផ្សាយជំរុញឱ្យមានការចងក្រងក្រុមអ្នកផលិតនៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១បានកាន់តែច្រើន ព្រមទាំងបានចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយជូនផងដែរ។ ការអំពាវនាវនិងលើកទឹកចិត្តបែបនេះបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយផលិតផលភូមិមួយផលិតផលមួយ ផលិតផលជលផលរបស់គម្រោង CAPFish និងចុះបញ្ជីផលិតផលភូមិមួយផលិតផលមួយខេត្តសៀមរាបឆ្នាំ២០២៥ នៅផ្សារទំនើប ហើរីថេកវ៉ក នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។

លោក យុន លីនណេ បានមានប្រសាសន៍ថា ចំពោះអ្នកផលិត ជាពិសេសសមាជិកចលនាភូមិមួយផលិតផលមួយទាំងអស់ និងអ្នកផលិតផ្សេងទៀត សូមបង្កើនការផលិតឱ្យបានច្រើន និងពង្រឹងគុណភាពផលិតផលឱ្យបានកាន់តែល្អថែមទៀត ដើម្បីដើរតួជំនួសផលិតផលនាំចូលពីប្រទេសក្រៅ ជាពិសេសសូមកុំដំឡើងថ្លៃទំនិញ។ តាមរយៈយន្តការភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ខេត្តសៀមរាប និងក្រុមលេខាធិការដ្ឋានជាជំនួយការឱ្យគណៈកម្មាធិការ សូមគាំទ្រនិងចូលរួមផ្សព្វផ្សាយ និងជំរុញការអនុវត្តចលនាភូមិមួយផលិតផលមួយឱ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្ត ជំរុញការចូលរួមនិងលើកកម្ពស់ការគាំពារនិងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរចិញ្ចឹមជីវិត រួមទាំងការប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះទាំង៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា”។

មានប្រសាសន៍នៅក្នុងសិក្ខាសាលានោះដែរ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងបងប្អូនផលិតករ សេវាករទាំងអស់មកដល់ពេលនេះយើងមានលទ្ធភាពអាចនិយាយបានជាចំហរថា ផលិតផលក្នុងស្រុកយើងមានការផលិតបានជាច្រើនមុខ ហើយផលិតករគ្រប់ប្រភេទ រាប់ពីលក្ខណៈគ្រួសារ ក្រុមផលិតសហគមន៍ រហូតដល់ក្រុមហ៊ុនសហគ្រាសធុនតូច មធ្យមឬធំ បានផលិតនិងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋានឲ្យទៅជាគ្រឿងឧបភោគ បរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយផ្សេងៗប្រកបដោយគំនិតច្នៃប្រឌិត ជាមួយនឹងការរក្សាបាននូវប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិយើង ប្រកបដោយគុណភាព តម្លៃសមរម្យ និងមាន បរិមាណគ្រប់គ្រាន់តបទៅនឹងតម្រូវការទីផ្សារ។ កត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋយើងផ្លាស់ប្តូរផ្នត់គំនិត មកជឿជាក់និងប្រើប្រាស់ផលិតផលខ្មែរជាបណ្តើរៗ ជំនួសឱ្យផលិតផលនាំចូលពីបរទេស ដែលទាំងនេះបានបង្ហាញនូវមោទនភាពជាតិចំពោះផលិតដែលខ្មែរបានផលិត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់ លើផលិតផល ជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផលនាពេលដ៏ឆាប់ខាងមុខ ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃផលិតផលប្រកបដោយគុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។


ឯកឧត្តម ផល សុជាតិ ក៏បានអំពាវនាវដល់បងប្អូនប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមប្រកាន់យកនូវស្មារតីនិងមនសិការជាតិក្នុងការចូលរួមគាំទ្រផលិតផលខ្មែរ ដោយផ្លាស់ប្តូរឥរិយាបថដែលធ្លាប់តែប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ មកប្រើប្រាស់ផលិតផលខ្មែរយើងវិញ ដើម្បីរួមគ្នាជួយលើកតម្កើងកិត្យានុភាពជាតិ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពាននៅតាមព្រំដែន និងការគំរាមផ្សេងៗពីសំណាក់ភាគីថៃជ្រុលនិយម៕
ដោយ ហង្ស សៀក





