ពីក្មេងស្រីក្រីក្រម្ពុជាម្នាក់ក្លាយជាសប្បុរសជនលំដាប់ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ -- ដំណើរជីវិតដ៏អស្ចារ្យរបស់ស្ត្រីម្នាក់ ដែលបានប្រើប្រាស់ភាពឈឺចាប់កាលពីកុមារភាព និងរឿងរ៉ាវលំបាកជាច្រើនក្នុងកាលពីអតីតកាល ទៅជាស្មារតីនៃការតស៊ូរហូតក្លាយជាបុគ្គលមួយរូប ដែលទទួលបានជោគជ័យក្នុងជីវិតហើយដោយបានសាបព្រួសនូវអំពើសប្បុរសមកកាន់ប្រទេសកម្ពុជាជាទឹកដីកំណើត ក៏ដូចជាជាមនុស្សម្នាជាច្រើននៅលើពិភពលោកផងដែរ គឺលោកស្រី សុភា បុត្រឆើរ។

លោកស្រី សុភា បុត្រឆើរ ( Sophea Bottcher) កើតនៅឆ្នាំ ១៩៧៩ ក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា ដែលអំឡុងពេលនោះ ប្រទេសកម្ពុជាទើបចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនាំឲ្យជីវិតមនុស្សរាប់លាននាក់រងគ្រោះ ក្នុងនោះក៏មានក្រុមគ្រួសាររបស់អ្នកស្រីផងដែរ។

ក្នុងបរិយាកាសដ៏ស្ទើរតែមិនអាចរស់ជីវិតនៅបាននោះ លោកស្រីបានធំឡើងដោយទទួលបានការចិញ្ចឹមបីបាច់ថែរក្សាពីជីដូនជីតា ដែលពោរពេញដោយក្តីស្រឡាញ់ ដ្បិតថាជីវភាពក្រីក្រលំបាក និងមិនបានទទួលទទួលភាពកក់ក្ដៅពីឪពុកម្ដាយដោយផ្ទាល់យ៉ាងណាក៏ដោយ។

ពីជីវិតក្មេងស្រីម្នាក់នៅជិតព្រៃភ្នំ ពោរពេញដោយធម្មជាតិ និងសព្វសត្វនានា តែការរស់នៅពោរពេញដោយការតស៊ូ ដោយរែកទឹកក្រោមថ្ងៃក្ដៅ ពុះអុស ប្រមូលសំណល់អាវុធ ដើម្បីលក់រកចំណូលជួយគ្រួសារ ព្រមទាំងខិតខំបំពេញការតព្វកិច្ចជាចៅស្រីដ៏ល្អម្នាក់សម្រាប់ជីដូនជីតារបស់នាង។ ហើយដ្បិតតែជីវិតជួបការលំបាក ឆ្ងាយសាលារៀនយ៉ាងណាក៏ដោយ ប៉ុន្តែ យុវតីសុភា តែងខិតខំតស៊ូរៀនសូត្រដូចទៅនឹងកូនចៅអ្នកភូមិដទៃ និងជាសិស្សពូកែប្រចាំសាលាផងដែរ។

នៅពេលបញ្ចប់ថ្នាក់វិទ្យាល័យលោកស្រីបានបន្តមកសិក្សានៅភ្នំពេញ និងបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកគណនេយ្យ និងកុំព្យូទ័រ។
សុភា បានចាប់ផ្តើមការងារតូចៗដូចជា រោងចក្រ និងបុគ្គលិកតាមហាងលក់ទំនិញ រហូតបានបានបំពេញការងារផ្នែកសេវាកម្មនៅសណ្ឋាគារ Raffles Hotel Le Royal។ ការងារនៅទីនោះ បានធ្វើឲ្យលោកស្រីទទួលបានពាន “បុគ្គលិកឆ្នើមប្រចាំឆ្នាំ” ជាច្រើនឆ្នាំដោយសារកិច្ចខិតខំប្រឹងប្រែង។ ទោះបីតែមានការងារសមរម្យប្រាក់ខែអាចចិញ្ចឹមជីវិតបានប្រសើរបន្តិចក៏ពិតមែន តែស្ត្រីរូបនេះនៅតែបន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ព្រមទាំងកសាងទំនាក់ទំនងល្អជាមួយបណ្តាមជ្ឍដ្ឋានដទៃ។

ជាដំណាក់កាលនៃជីវិតថ្មីមួយ លោកស្រីបានធ្វើការជាជំនួយការផ្ទាល់ (Personalassistent) របស់វេជ្ជបណ្ឌិតល្បីឈ្មោះ Dr. Beat Richner នៅមន្ទីរពេទ្យគុន្ធបុប្ផា។ដែល បទពិសោធន៍នោះកាន់តែធ្វើឱ្យលោកស្រីឃើញថា សប្បុរធម៌អាចផ្លាស់ប្តូរជីវិតមនុស្សបានពិតប្រាកដ។

ក្នុងដំណើរវែងឆ្ងាយជាមួយលោក Dr Beat Richner បានធ្វើឱ្យលោកស្រីកាន់តែមានជំនក់ចិត្តជាមួយនឹងអំពើសប្បុរសធម៌។
លោកស្រីបានបញ្ជាក់ថា៖
«បំណងមួយតាំងពីនៅក្មេង…ខ្ញុំតែងតែសន្យាចិត្តថា បើមួយថ្ងៃអាចក្លាយជាមានទ្រព្យសម្បត្តិជាច្រើន ខ្ញុំចង់ជួយមនុស្សក្រីក្រ កុមារ និងអ្នកគ្មានផ្ទះសម្បែងឱ្យបានច្រើន។ នេះជាក្តីប្រាថ្នាដែលខ្ញុំបានរក្សាទុកក្នុងបេះដូងរហូតមក»។


បច្ចុប្បន្ននេះ លោកស្រី និងស្វាមីបានបរិច្ចាគប្រាក់ចំនួន ១២ លានអឺរ៉ូ ទៅដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងប្រទេសផ្សេងៗ។ ពួកគេបានជួយកុមារកំព្រាចំនួនជាង ២០០នាក់ តាមរយៈមជ្ឈមណ្ឌលមែកឈើរបស់លោក ផន ផល្លា ជួយអ្នកមានពិការភាព ជនចាស់ជរា អ្នកគ្មានផ្ទះសម្បែង សូម្បីតែសត្វដែលត្រូវការជំនួយ។ ពួកគេក៏បានសាងសង់ផ្ទះ និងផ្តល់អាហារ ការអប់រំ និងសុវត្ថិភាពដល់មនុស្សក្នុងតំបន់ដែលរងនូវការឈឺចាប់ ជាពិសេសដោយសារសង្គ្រាមជាច្រើន។
លោកស្រីថា៖“ការធ្វើសប្បុរធម៌សម្រាប់ខ្ញុំ មិនមែនជាកាតព្វកិច្ចទេ វាជាស្មារតី ដែលនាំមកពីបេះដូង។”
លោកស្រី សុភា បុត្រឆើរ ជាស្ត្រីកម្ពុជាដែលបង្ហាញនូវគំរូនៃភាពសាមញ្ញ ភាពសប្បុរស និងការរស់នៅដើម្បីជួយអ្នកដទៃ។
លោកស្រីមិនត្រឹមជាឧត្តមភរិយារបស់មហាសេដ្ឋីទេ ប៉ុន្តែជាម្តាយនៃសេចក្ដីសង្ឃឹមសម្រាប់មនុស្សជាច្រើនជុំវិញលោក៕
ដោយ៖ ប៊ុនរិទ្ធ





