ADB ប្រកាសគាំទ្រថវិកា ៧០ពាន់លានដុល្លារ ដើម្បីតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញឌីជីថលនៅអាស៊ី
AKP ភ្នំពេញ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
ធនាគារអភិវឌ្ឍន៍អាស៊ី នឹងគាំទ្រដល់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធថាមពល និងឌីជីថលថ្មីចំនួន៧០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣៥ ក្នុងគោលបំណងភ្ជាប់បណ្តាញអគ្គិសនី ពង្រីកពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងកែលម្អការទទួលបានអ៊ីនធឺណិតប្រើប្រាស់នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ នេះបើយោងតាមគូសបញ្ជាក់របស់លោក Masato Kanda ប្រធាន ADB ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៩ របស់ ADB នៅទីក្រុងសាម៉ាកាន ប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។
លោក Masato Kanda បានមានប្រសាសន៍ថា៖ «ថាមពល និងលទ្ធភាពប្រើប្រាស់ឌីជីថលនឹងកំណត់អនាគតរបស់តំបន់។ គំនិតផ្តួចផ្តើមទាំងពីរនេះ បង្កើតប្រព័ន្ធដែលអាស៊ី និងប៉ាស៊ីហ្វិកត្រូវការដើម្បីរីកចម្រើន ប្រកួតប្រជែង និងតភ្ជាប់។ តាមរយៈការតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញឌីជីថលឆ្លងកាត់ព្រំដែន យើងអាចកាត់បន្ថយថ្លៃដើម ពង្រីកឱកាស និងនាំមកនូវថាមពលដែលអាចទុកចិត្តបាន និងលទ្ធភាពប្រើប្រាស់ឌីជីថលដល់ប្រជាជនរាប់រយលាននាក់។»
គំនិតផ្តួចផ្តើមបណ្តាញថាមពលនៅតំបន់អាស៊ី (Pan-Asia Power Grid Initiative ឬ PAGI) នឹងតភ្ជាប់ប្រព័ន្ធថាមពលជាតិ និងអនុតំបន់ដើម្បីថាមពលកកើតឡើងវិញអាចឆ្លងកាត់ព្រំដែន ហើយបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានសមត្ថភាពខ្ពស់ និងមានវិសាលភាពធំធេងសម្រាប់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacifc Digital Highway)នឹងជួយបិទគម្លាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងអាចឱ្យតំបន់នេះទទួលបានអត្ថប្រយោជន៍ពីកំណើនដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI)។
ក្រោមគំនិតផ្តួចផ្តើម Pan-Asia Power Gridd, ADB នឹងសហការជាមួយរដ្ឋាភិបាល អង្គភាពផ្តល់សេវាសាធារណៈចាំបាច់ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរថវិកាចំនួន ៥០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣៥ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលឆ្លងព្រំដែន ដែលអាចជំរុញថាមពលកកើតឡើងវិញក្នុងទំហំធំ។
គំនិតផ្តួចផ្តើមនេះ នឹងផ្តោតលើការបញ្ជូន និងការរួមបញ្ចូលបណ្តាញ រួមទាំងខ្សែអគ្គិសនីឆ្លងព្រំដែន អនុស្ថានីយ ប្រព័ន្ធផ្ទុកថាមពល និងឌីជីថលូបនីយកម្មបណ្តាញអគ្គិសនី។ វាក៏នឹងគាំទ្រដល់ការផលិតថាមពលដែលភ្ជាប់ទៅនឹងពាណិជ្ជកម្មអគ្គិសនី រួមទាំងគម្រោងនាំចេញថាមពលកកើតឡើងវិញ មជ្ឈមណ្ឌលផលិតថាមពលកកើតឡើងវិញដើម្បីចែកចាយក្នុងតំបន់ និងកន្លែងដែលផលិតអគ្គិសនីផង និងផ្ទុកអគ្គិសនីផង។
នៅត្រឹមឆ្នាំ២០៣៥ ADB មានគោលបំណងធ្វើសមាហរណកម្មថាមពលកកើតឡើងវិញប្រហែល ២០ ជីហ្គាវ៉ាត់ឆ្លងកាត់ព្រំដែន តភ្ជាប់ខ្សែបញ្ជូនអគ្គិសនីប្រវែង ២២ ០០០ គីឡូម៉ែត្រ កែលម្អលទ្ធភាពទទួលបានថាមពលសម្រាប់ប្រជាជន ២០០ លាននាក់ បង្កើតការងារ ៨៤០ ០០០ កន្លែង និងកាត់បន្ថយការបំភាយឧស្ម័នក្នុងវិស័យថាមពលក្នុងតំបន់ ១៥%។
ជាមួយគ្នានេះដែរ ADB រំពឹងថា នឹងផ្តល់ហិរញ្ញប្បទានប្រហែលពាក់កណ្តាលនៃការវិនិយោគចំនួន៥០ពាន់លានដុល្លារនេះពីធនធានរបស់ខ្លួន និងបង្កើនថវិកាដែលនៅសល់តាមរយៈសហហិរញ្ញប្បទាន រួមទាំងពីវិស័យឯកជនផងដែរ។ ជំនួយបច្ចេកទេសរហូតដល់១០លានដុល្លារ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះដើម្បីធ្វើសង្គតិភាពបទប្បញ្ញត្តិ អនុម័តស្តង់ដារបច្ចេកទេសរួម រៀបចំការសិក្សាសមិទ្ធិលទ្ធភាព និងជំរុញការងារផ្សេងទៀតដែលចាំបាច់សម្រាប់គម្រោងធំៗ។
គំនិតផ្តួចផ្តើមបណ្តាញថាមពលនៅតំបន់អាស៊ី គឺជាការផ្លាស់ប្តូរពីការតភ្ជាប់ថាមពលពីប្រទេសមួយទៅប្រទេសមួយ ទៅជាវិធីសាស្រ្តក្នុងតំបន់សម្រាប់ពាណិជ្ជកម្មថាមពល។ វាផ្តើមចេញពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអនុតំបន់ដែលមានស្រាប់ រួមមានកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអនុតំបន់អាស៊ីខាងត្បូង (South Asia Subregional Economic Cooperation), ផែនការប្រទាក់ក្រឡាបណ្តាញអគ្គិសនីនៃគំនិតផ្តួចផ្តើមឈូងសមុទ្របេងហ្គាល់សម្រាប់កិច្ចប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation), បណ្តាញថាមពលអាស៊ាន (ASEAN Power Grid) និងយុទ្ធសាស្ត្រថាមពលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីកណ្តាលឆ្នាំ២០៣០(Central Asia Regional Economic Cooperation Energy Strategy 2030)។
បណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានសមត្ថភាពខ្ពស់ និងមានវិសាលភាពធំធេងសម្រាប់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Digital Highway) នឹងកៀរគរថវិកាចំនួន២០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣៥ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ច្រករបៀងឌីជីថល ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងសេដ្ឋកិច្ចដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ AI។ ការវិនិយោគទាំងនេះ នឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធដែលបានតភ្ជាប់ រួមមានបណ្តាញសរសៃអុបទិកលើដី និងក្រោមសមុទ្រ បណ្តាញផ្កាយរណប និងមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់។ ADB ក៏នឹងផ្តល់ការគាំទ្រផ្នែកគោលនយោបាយ និងបទដ្ឋានគតិយុត្ត រួមទាំងការគ្រប់គ្រងហានិភ័យសន្តិសុខសាយប័រ, និងវិនិយោគលើកម្មវិធីជំនាញ ដើម្បីពង្រឹងការត្រៀមខ្លួនផ្នែកឌីជីថល និង AI។
នៅឆ្នាំ២០៣៥ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់ការចូលប្រើអ៊ីនធឺណិតជាលើកដំបូងដល់ប្រជាជនចំនួន២០០លាននាក់ និងការតភ្ជាប់ឌីជីថលដែលអាចទុកចិត្តបាន និងលឿនជាងមុនសម្រាប់ប្រជាជនចំនួន៤៥០លាននាក់ផ្សេងទៀតនៅទូទាំងតំបន់។ វាត្រូវបានរំពឹងថានឹងកាត់បន្ថយការចំណាយលើការតភ្ជាប់នៅក្នុងតំបន់ដាច់ស្រយាល និងតំបន់មិនជាប់សមុទ្រប្រហែល៤០% និងជួយបង្កើតការងារចំនួន៤លានកន្លែង។
សូមជម្រាបជូនថា ADB ក៏រំពឹងផងដែរថា នឹងផ្តល់ហិរញ្ញប្បទានដល់ ១៥ ពាន់លានដុល្លារ នៃការវិនិយោគ ២០ ពាន់លានដុល្លារនេះ ពីធនធានរបស់ខ្លួនផ្ទាល់ខ្លួន និងកៀរគរថវិកា ៥ ពាន់លានដុល្លារ តាមរយៈការផ្តល់សហហិរញ្ញប្បទាន រួមទាំងពីវិស័យឯកជនផងដែរ។ មជ្ឈមណ្ឌលសម្រាប់នវានុវត្តន៍ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) នឹងត្រូវបានបង្កើតឡើងនៅទីក្រុងសេអ៊ូល ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ។ ដោយទទួលបានការរួមចំណែក ២០ លានដុល្លារពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលនេះនឹងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន ហើយនឹងជួយបណ្តុះបណ្តាលមនុស្សប្រហែល ៣ លាននាក់ លើជំនាញឌីជីថល និងជំនាញទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) នៅត្រឹមឆ្នាំ២០៣៥៕

ដោយ៖ រិទ្ធី, ប្រភព៖ ADB





