ឯកឧត្តម អ៊ុ រាត្រី ស្វាគមន៍ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ប្រកបដោយភាពកក់ក្តៅ
AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចម្រុះ និងតំណាងមកពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំង ប.ប.ស. (បេឡាជាតិរបបសន្តិសុខសង្គម) រង់ចាំទទួលបងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ មកកាន់មាតុភូមិវិញ។ ពិធីទទួលនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងផ្តល់ទីកន្លែងសម្រាកបណ្តោះអាសន្ន និងសម្របសម្រួលការបន្តដំណើររបស់បងប្អូនពលករទៅកាន់ស្រុកកំណើតរៀងៗខ្លួន នៅតាមបណ្ដាខេត្តនានា។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនពលករ ឯកឧត្តម អ៊ុ រាត្រី បានថ្លែងទៅកាន់ពួកគាត់ដោយទឹកចិត្តរីករាយ និងកក់ក្តៅថា “បងប្អូនពលករជាទីស្រឡាញ់! ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលបានឃើញបងប្អូនបានវិលត្រឡប់មកកាន់មាតុភូមិវិញប្រកបដោយសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនជានិច្ច។ យើងខ្ញុំបានរៀបចំទីកន្លែងសម្រាក អាហារ ទឹកស្អាត និងមធ្យោបាយធ្វើដំណើរមួយចំនួន ដើម្បីសម្រួលដល់ការវិលត្រឡប់របស់បងប្អូន។ សូមបងប្អូនកុំបារម្ភអី អាជ្ញាធរសមត្ថកិច្ចនៅទីនេះដើម្បីជួយបងប្អូន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងទទួលបានការសម្រាកគ្រប់គ្រាន់នៅទីនេះ មុននឹងបន្តដំណើរទៅជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួននៅតាមបណ្ដាខេត្តនានា។ សូមជូនពរបងប្អូនទាំងអស់គ្នាឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច។”

ពលករជាច្រើននាក់បានសម្ដែងនូវក្ដីរំភើបចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។ លោក នួន ចាន់នី អាយុ ៣៥ ឆ្នាំ មកពីខេត្តកំពង់ចាម បានថ្លែងថា «ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលឃើញថ្នាក់ដឹកនាំខេត្តមកទទួលពួកខ្ញុំដោយផ្ទាល់បែបនេះ។ ពីមុនពេលត្រឡប់មកវិញ ខ្ញុំត្រូវជួបការលំបាកច្រើនក្នុងការស្វែងរកកន្លែងសម្រាក និងការធ្វើដំណើរ។ តែពេលនេះ អាជ្ញាធរបានរៀបចំបានយ៉ាងល្អប្រសើរ ខ្ញុំពិតជាអរគុណខ្លាំងណាស់។

ចំណែកអ្នកស្រី សុខ ស្រីនី អាយុ ២៨ ឆ្នាំ មកពីខេត្តបាត់ដំបង ក៏បានបន្ថែមដែរថាការរៀបចំនេះពិតជាបានជួយសម្រួលដល់ពួកខ្ញុំច្រើនណាស់។ ពួកខ្ញុំអាចសម្រាកបន្តិចបន្តួច បរិភោគអាហារ មុននឹងបន្តដំណើរទៅផ្ទះ។ វាបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកដរបស់រាជរដ្ឋាភិបាលចំពោះពួកខ្ញុំជាពលករ។

សកម្មភាពស្វាគមន៍នេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ពិសេសបងប្អូនពលករដែលបានទៅប្រកបការងារនៅក្រៅប្រទេស។
សូមបញ្ជាក់ថា នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គិតចាប់ពីម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែលកំពុងប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕
ដោយ ឈុន សារ៉ាត





