កិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
AKP ស្វាយរៀង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្តជាច្រើនរូប។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២។ ២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលខេត្តស្វាយរៀង។ ៤.អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលជូនមន្ត្រីរាជការសាលាខេត្តប្រចាំខែមិថុនា ឆ្នាំ២០២៥។ ៥.ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ របស់រដ្ឋបាលខេត្ត។ ៦.ស្តាប់របាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ ៧.ស្តាប់របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត និង ៨.សេចក្តីផ្សេងៗ៕




ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង)





