ប្រតិភូសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជាចូលរួមសិក្ខាសាលាកសាងសមត្ថភាពសម្រាប់ឧត្តមមន្ត្រី នៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ -- ប្រតិភូសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជារួមមាន តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងតំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមសិក្ខាសាលាកសាងសមត្ថភាពសម្រាប់ឧត្តមមន្ត្រី និងក្រសួង/ស្ថាប័នក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌ អាស៊ាននៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ស្តីពីប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃចក្ខុវិស័យសហគមន៍ សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ និងការពិនិត្យចុងគ្រានៃផែនការចក្ខុវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ នៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។

ប្រតិភូសហគមន៍សង្គម-វប្បធម៌អាស៊ាននឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន តំណាងក្រសួង/ស្ថានប័នជាអនុវិស័យក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងលេខាធិការអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន។

សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ១.បង្កើនចំណេះដឹង និងសមត្ថភាពនៃក្រសួង/ស្ថាប័នក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមលើការពិនិត្យតាមដាន និងការវាយតម្លៃដោយរួមបញ្ចូលការអភិវឌ្ឍឧបករណ៍ និងការគ្រប់គ្រងទិន្នន័យនៃផែនការចក្ខុវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥។ ២.បង្កើនការចូលរួមរបស់ក្រសួង/ស្ថាប័នក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ និងការពិនិត្យចុងគ្រា និង ៣.ពង្រឹងកិច្ចសហការ និងការសម្របសម្រួលបន្ថែមក្នុងចំណោមក្រសួង/ស្ថាប័នក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយសិក្ខាសាលាបានបង្ហាញពីការអភិវឌ្ឍសូចនាករសមិទ្ធកម្មគន្លឹះដែលត្រូវបានបែងចែកជា៣កម្រិត រួមមាន ១.ផលជះ ផ្តោតលើការផ្លាស់ប្តូរជីវភាពរស់នៅ និងស្ថានភាពអភិវឌ្ឍន៍របស់ប្រជាជននៅកម្រិតសកល ថ្នាក់តំបន់ និងថ្នាក់ជាតិ និងជាលទ្ធផលដែលមានផលជះរយៈពេលវែង។ ២.ផលសម្រេច ផ្តោតលើការផ្លាស់ប្តូររយៈពេលមធ្យម ឬរយៈពេលវែងដែលផ្ទុយទៅនឹងប្រយោជន៍បុគ្គល ឬស្ថានប័ន ដោយឆ្លើយតបទៅនឹងការផ្លាស់ប្តូរបែបវិជ្ជមាន និង៣.លទ្ធផល ផ្តោតលើផលិតផល ឬសេវាកម្មដែលអាចសម្រេចបានក្នុងរយៈពេលខ្លី ដោយទទួលបានពីសកម្មភាព យុទ្ធសាស្ត្រ ឬគំនិតផ្តួចផ្តើមជាក់លាក់៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





