ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្ថាប័នរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព តាមរយៈ FMIS នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះស្ថាប័នសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្ថាប័នរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព តាមរយៈ FMIS នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់សាធារណជន ចំពោះស្ថាប័នសាធារណៈ ហើយការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ គឺជាកត្តាចាំបាច់បំផុត ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើនការចំណាយលើវិស័យសំខាន់ៗ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ជាក់ស្តែង ការវិនិយោគលើវិស័យការពារជាតិ ដើម្បីធានាអធិបតេយ្យភាពជាតិ គឺជាអាទិភាពមួយដែលតម្រូវឱ្យមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់។

ឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងFMISនាពេលកន្លងមក និងបានគូសបញ្ជាក់ថា FMISពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងការអនុវត្តការងារថវិកានៅព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក ការអនុត្តការងាររបស់អគ្គនាយកដ្ឋានថវិកាផ្ទាល់។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ឌី សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ បានគូសរំលេចអំពីតួនាទីរបស់ FMIS ក្នុងការលើកស្ទួយដំណើរអនុវត្តហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈការអនុវត្តកន្លងមក FMIS ពិតជាបានផ្តល់អត្ថប្រយោជន៍ច្រើនមហាសាល ហើយដៃគូអភិវឌ្ឍន៍ក៏មានការសាទរ និង វាយតម្លៃខ្ពស់ដល់ការអនុវត្ត FMIS ជាពិសេស ភាពជោគជ័យនៃការដាក់ឱ្យប្រើប្រាស់ FMIS Portal នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្តែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងទិសដៅពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ប្រព័ន្ធ FMIS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់នៃការអនុវត្តហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍ដែលកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតក្នុងដំណាក់កាលទី៤ គឺផ្តោតលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ។ បច្ចុប្បន្ន ការងារអនុវត្ត FMIS កាន់តែមានវិសាលភាពធំធេង មានភាពប្រទាក់ក្រឡាគ្នា និង ស្មុគស្មាញ ដែលទាមទារឱ្យមានការចូលរួមសហការកាន់តែសកម្មថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ សំដៅជំរុញការអនុវត្តគម្រោង អាចប្រព្រឹត្តទៅបានដោយរលូន ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន ៩៧% នៃចំនួនសូចនាករសរុប ក្នុងនោះចំនួនអ្នកកំពុងប្រើប្រាស់ FMIS មានប្រមាណ ៣២១៨ រូប និង មាន៣០៥ការដ្ឋាន ព្រមទាំងមានប្រតិបត្តិការសរុបចំនួនជាង៧៨ពាន់ប្រតិបត្តិការ នៅក្នុង FMIS។ ដោយឡែកសម្រាប់ការអនុវត្ត FMIS Portal បច្ចុប្បន្នមានអ្នកប្រើប្រាស់សរុបចំនួន ៣ ៣៧២ រូប៕
ដោយ ទូច វលក័្ខណ





