លោកជំទាវ ចម និម្មល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធស្វាយចន្ទី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥-- លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរាយការណ៍វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលសហព័ន្ធស្វាយចន្ទីកម្ពុជាសម្រេចបាន ទិសដៅការងារបន្ទាប់ និងគោរពស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោកប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកន្លងមក ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និតចំពោះសហព័ន្ធក្នុងការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាកាលពីឆ្នាំ២០២២ ការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរួមមាន ការចូលរួមពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការដាក់លក់ផលិតផលស្វាយចន្ទីតាមផ្សារទំនើបនិងម៉ាត និងសមាគមសណ្ឋាគារនិងចុងភៅ ជាដើម។

ក្នុងជំនួបនោះដែរ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ជាពិសេស បង្កើនប្រសិទ្ធភាព និងបង្កើនទំហំនៃការកែច្នៃ ជំរុញការនាំចេញ ដោយរក្សាទីផ្សារចាស់ និងចាប់យកទីផ្សារថ្មីៗ។ ក្រសួងពាណិជ្ជកម្មនឹងបន្តគាំទ្រដល់សហព័ន្ធស្វាយចន្ទីកម្ពុជា និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការជំរុញអភិវឌ្ឍន៍ស្វាយចន្ទីកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)





