ទឹកធ្លាក់ថ្មក្រាលតំបន់ទេសចរណ៍បែបធម្មជាតិសម្បូរបន្លែធម្មជាតិព្រៃភ្នំ និងអាហារប្រចាំមូលដ្ឋាន
AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៥--
ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង បានប្រែក្លាយតំបន់ដែលស្ងាត់ជ្រងំមកជាតំបន់ទេសចរណ៍ប្រកបដោយសក្តានុពល ហើយប្រជាពលរដ្ឋអាចទាញនូវប្រាក់ចំណូលទៀងទាត់ជារៀងរាល់ថ្ងៃ។ ទឹកធ្លាក់ថ្មក្រាលដែលប្រកបដោយសក្តានុពល និងស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានមួយនេះ បានកំពុងទាក់ទាញភ្ញៀវទេសចរទីជិតឆ្ងាយ ក្នុងនោះរួមមានទាំងអ្នកទេសចរបរទេសផង តែងនាំគ្នាសម្រុកចូលកម្សាន្តឥតសូវដាច់ទេ។

គួរបញ្ជាក់ថាសហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ នៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភក្ត្រ ដែលសម្បូរអាហារធម្មជាតិ ហើយពិសេសចំរដូវខែវស្សាគេអាចទិញបន្លែធម្មជាតិដែលមានរួមទំពាំង ស្លឹកងប់ ដើមប្រស់ស្វា ស្លឹកបាស់ត្រឡប់មកផ្ទះវិញទៀតផង។
លោក អ៊ឺត អូន ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាលបានឱ្យដឹងថា សហគមន៍ទឹកធ្លាក់ថ្មក្រាលបានចាប់កកើតនៅឆ្នាំ២០០៦ ដោយគ្រប់គ្រងផ្ទៃដីតំបន់ទេសចរណ៍សរុបចំនួនជាង៥៣០ហិកតា ក្នុងនោះដីព្រៃឈើជាង២០០ហិកតា។ បច្ចុប្បន្នសមាជិកសហគមន៍មានចំនួន៨៤គ្រួសារ ស្មើនឹង៣៤៨នាក់។ ស្ទើរជារៀងរាល់ថ្ងៃ ទឹកធ្លាក់ថ្មក្រាលមានភ្ញៀវទេសចរចូលមកកម្សាន្ត ពិសេសថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទានសំខាន់ៗតែងមានភ្ញៀវក្នុងប្រទេស និងក្រៅប្រទេសបានសម្រុកចូលកម្សាន្តយ៉ាងច្រើនកុះករ។ បើគិតជាមធ្យមក្នុងមួយខែៗអ្នកទេសចរចូលកម្សាន្តជាង១ម៉ឺននាក់។ ទីនេះមានស្ទឹងសម្រាប់ភ្ញៀវលេងកម្សាន្ត កន្លែងងូតទឹក ទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាត កន្លែងបោះតង់ បន្លែព្រៃ និងម្ហូបអាហារប្រចាំមូលដ្ឋានជាដើម។ ក្រៅពីទីកម្សាន្តនៅកន្លែងនេះក៏មានសម្បូរសក្តានុពលសត្វព្រៃនានា ដូចជា ជ្រូកព្រៃ ឈ្លូស ស្វា ក្ងោក ទោច ដង្ហែន ទន្សាយទៀតផង។ ទីកន្លែងនេះមានខ្ចុះអង្គុយលេងក្បែរមាត់ទឹកធ្លាក់ចំនួន ៨៤ តូបលក់ដូរ ចំនួន៤៣ បន្ទប់ទឹករួម ៣កន្លែង និងបន្ទប់ទឹកឯកជន ចំនួន៧កន្លែង។

លោកបានប្រាប់ថា កាលពីមុននេះពលរដ្ឋរស់នៅទីកន្លែងនេះមួយចំនួនតែងប្រកបរបរចូលព្រៃកាប់ឈើ បរបាញ់សត្វ តែបច្ចុប្បន្ន ពលរដ្ឋបានផ្លាស់ប្តូរមកប្រកបរបរ បម្រើលើវិស័យទេសចរណ៍ដែលផ្តល់នូវប្រាក់ចំណូលទៀងទាត់ដោយក្នុងនេះគាត់អាចរកចំណូលយ៉ាងហោចណាស់ចាប់ពីជាងមួយម៉ឺនរៀល រហូតដល់២០ទៅ៣០រៀលទៀតផង។វាជាប្រាក់ចំណូលទៀងទាត់ ដែលធ្វើឱ្យពួកគាត់សប្បាយចិត្ត ការធ្វើចំណាកស្រុកតិចតួច ការហូបចុកល្អប្រសើរ និង ជីវភាពគាត់ពីមួយថ្ងៃទៅមួយថ្ងៃមានភាពល្អប្រសើរបើធៀបនឹងកាលពីមុននេះឆ្ងាយណាស់។ជាងនេះទៅទៀតពួកគាត់មិនត្រឹមតែងាកមកបណ្តុះកូនឈើទេនៅរួមគ្នាដាំ កូនឈើ និងអភិរក្សព្រៃឈើ សត្វព្រៃទៀតផង។

ជាមួយគ្នានេះ ឯកឧត្តម ខ្វៃអាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា តាមរយៈការអភិរក្សក្នុងនេះមានទាំងព្រៃឈើ សត្វព្រៃ និងជីវចម្រុះផ្សេងៗទៀតក្រសួងបានសហការជាមួយប្រជាពលរដ្ឋសហគមន៍ដើម្បីគ្រប់គ្រងតំបន់ធនធានធម្មជាតិទាំងនោះ។ពួកគាត់ជារនាំងការពារមួយដើម្បីជួយការពារការរិចរិល និងការបាត់បង់ព្រៃឈើដ៏សំខាន់មួយផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា “នៅតាមសហគមន៍តំបន់ការពារធម្មជាតិរបស់យើងមានសត្វព្រៃ និងទេសភាពព្រៃឈើដ៏ស្រស់ស្អាតល្អឯក។ ទាំងនេះជាការដែលយើងអាចទាញយកលើវិស័យទេសចរណ៍ ដោយបានផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាសហគមន៍ទាំងមូល ក៏អាចទាញយកប្រយោជន៍ពីគោលដៅលម្ហែបៃតង”៕
ដោយ៖ មករា





