ឯកឧត្តម គួច ចំរើន ណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក ត្រូវពិនិត្យលើគម្រោងអាទិភាពសំខាន់ៗមុនគេ
AKP កណ្ដាល ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៥--
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក ត្រូវពិនិត្យលើគម្រោងអាទិភាពសំខាន់ៗមុនគេ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបតម្រូវការគម្រោងសកម្មភាព និងចាត់អាទិភាពនៃកម្មវិធីវិនិយោគបីឆ្នាំ រំកិលខេត្ត២០២៦-២០២៨ របស់រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល។

ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលខេត្តបានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវធ្វើផែនការសកម្មភាព៣ឆ្នាំរំកិល ដោយពិនិត្យ និងលើកយកនូវគម្រោងអាទិភាពសំខាន់ៗ ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរួមគ្នាពិនិត្យ ពិភាក្សាស្វែងរកបញ្ហាប្រឈមផ្សេងៗ យកមកដោះស្រាយអោយបានទាន់ពេលវេលា សំដៅធ្វើឱ្យគម្រោងដែលបានស្នើឡើងទទួលបានលទ្ធផលល្អ មានគុណភាពខ្ពស់ ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្ដមក៏បានបញ្ជាក់ថា គម្រោងដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងផ្តល់ឱកាសជូនសមាជិកអង្គប្រជុំ ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែម ទៅលើចំនុចខ្វះខាត ដើម្បីបំពេញបន្ថែម ឱ្យកាន់តែមានភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





