មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន៖ ប្រជាសហគមន៍ចូលរួមបណ្តុះកូនឈើ និងដាំដើមឈើ មានអត្ថន័យយ៉ាងធំធេងដើម្បីបន្តមរតកកូនចៅស្រឡាញ់បរិស្ថាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៥--
ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា “ប្រជាសហគមន៍ដែលបានចូលរួមបណ្តុះកូនឈើដោយខ្លួនឯងគឺ មានអត្ថន័យយ៉ាងធំធេង ពួកគាត់រស់នៅជាមួយព្រៃឈើ គ្រួសារគាត់ពឹងពាក់ជាមួយព្រៃឈើនេះ ដើម្បីចិញ្ចឹមជីវិត ហើយនិង ដើម្បីបន្ត មរតក នេះដល់កូនចៅជំនាន់ក្រោយបន្តទៀត”។

ថ្លែងក្នុងដំណើរទស្សនកិច្ចគម្រោងនិរន្តរភាពបរិស្ថាន និងអេកូទេសចរណ៍ ចំនួន៣ខេត្ត ពោលគឺ ខេត្ត កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ឯកឧត្តម ខ្វៃ អាទិត្យាបានថ្លែងថា ប្រជាសហគមន៍មានថ្នាលបណ្តុះកូនឈើ ហើយបានចូលរួមបណ្តុះកូនឈើ នៅតាមសហគមន៍ គាត់យកទៅដាំស្តារព្រៃសហគមន៍ របស់គាត់។ទាំងនេះជាការបណ្តុះគំនិត ឱ្យគាត់ស្រឡាញ់ដើមឈើ កូនចៅគាត់ស្រឡាញ់ដើមឈើ។ ម្ល៉េះហើយគាត់អាចគេចចេញពីអ្វីដែលគាត់ធ្លាប់តែប្រកបមុខរបរ បរបាញ់ និងប្រព្រឹត្តបទល្មើសព្រៃឈើ មកចូលរួមអភិរក្សវិញ។ ក្រៅពីនេះតាមរយៈការដាំកូនឈើ និងដាំដើមឈើហូបផ្លែនេះគាត់អាចដកហូតអនុផលព្រៃឈើ និងបានផ្លែឈើហូបផ្លែសម្រាប់លក់ និងបរិភោគក្នុងក្រុមគ្រួសារទៀតផង។

ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថា ការបង្កើតថ្នាលបណ្តុះកូនឈើឡើងដោយពលរដ្ឋសហគមន៍ ស្ថិតនៅក្នុងភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងនេះគឺបានចូលរួមចំណែកក្នុងចលនាពន្លកបៃតង បង្កើនគម្របព្រៃឱ្យបានច្រើន ដើម្បីសម្រេចឱ្យបាននូវទិសដៅប្រែក្លាយប្រទេសកម្ពុជាអព្យាក្រឹតកាបូន។ ក្រសួងកំពុងជំរុញក៏ដូចជាបង្កើតគោលដៅលំហែបៃតងគាត់អាចរកចំណូលតាមរយៈទេសចរធម្មជាតិដែលអ្នកទេសចរកំពុងបានទទូលការចាប់អារម្មណ៍ក្នុងនេះដូចជាទស្សនា ទឹកធ្លាក់ ផ្កាព្រៃ សត្វព្រៃជាដើម។
មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា “កន្លងមកនេះយើងបានបណ្តុះ និងចែកក្នុងឆ្នាំ២០២៤កន្លងមកមានចំនួន ១លាន៣ សែនដើម រួចមកហើយ។ដោយឡែកសម្រាប់ក្នុងឆ្នាំ២០២៥នេះក្រសួងគ្រោងនឹងចែកកូនឈើ និង កូនត្នោតចំនួន៣លានដើមដល់សាធារណៈជនយកទៅដាំតាមទីសាធារណៈ តាមសាលារៀន និងពិសេសដាំស្តារព្រៃតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើនគម្របបៃតង និងធ្វើឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យឆ្នាំ២០៥០”។

លោក ធុច ធីម ប្រធានសហគមន៍ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិភូមិស្លែង នៃដែនជំរកសត្វព្រៃ (ភ្នំព្រៃឱរ៉ាល់) ក្នុងភូមិសាស្រ្ត ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាថ្នាលបណ្តុះកូនឈើនេះខាងគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិហៅកាត់ថាស៊ីស្លឹប (គម្រោង CSLEP) បានជំនួយឧបត្ថម្ភដើម្បីបណ្តុះកូនឈើ និងដាំដុះឡើងវិញ ដោយសារមើលឃើញថាតំបន់នេះមានសភាពរិចរិលមួយចំនួន ។គម្រោងនេះជួយធ្វើថ្នាលបណ្តុះកូនឈើ ដើម្បីបណ្តុះកូនឈើសម្រាប់ធ្វើការដាំដើមឈើឱ្យមានភាពស្រស់បំព្រង និងប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនៅថ្ងៃខាងមុខ។ តាមគម្រោងក្នុងឆ្នាំ២០២៥នេះគឺដាំឱ្យបាន១៥០ហិកតា ហើយកូនឈើដែលនៅសល់នឹងចែកជូន តាមសាលារៀន វត្តអារាម ទីសាធារណៈ ។សម្រាប់ប្រជាសហគមន៍ដែលកាលពីមុនធ្លាប់តែកាប់ដើមឈើ បរបាញ់សត្វ តែបច្ចុប្បន្ន មិនត្រឹមតែចូលរួមបណ្តុះកូនឈើ និងដាំកូនឈើទេ នៅចូលរួមអភិរក្សសត្វព្រៃ ថែរក្សាព្រៃឈើដែលប្រៀបធៀបគឺខុសពីមុនឆ្ងាយណាស់ ហើយជីវភាពក៏ល្អប្រសើរផងដែរតាមរយៈទទួលប្រាក់កម្រៃតាមរយៈបណ្តុះកូនឈើ និងបម្រើលើវិស័យទេសចរណ៍ដែលអាចរកប្រាក់ចំណូលស្ទើររៀងរាល់ថ្ងៃ៕
ដោយ៖ មករា





