សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំធ្វើការផ្សព្វផ្សាយស្តីពី "រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ" នៅស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៥--
លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងលោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង ព្រមទាំងមន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីប្រចាំការអនុសាខា បានចុះធ្វើការផ្សព្វផ្សាយស្តីពី “រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់ នឹងអាកាសធាតុ” ជូនដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុបចំនួន៩១០នាក់ (ស្រី៥៦៩នាក់) នៅវិទ្យាល័យរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំនាព្រឹកថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក កែវ ផល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្អូនៗដែលមានវត្តមានទីនេះទាំងអស់ ក្នុងគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហម និងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺcovid-១៩ ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃជាពិសេសដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា ២០២៥ ក្រោមមូលបទ "រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ" និងគម្រប់ខួប៧០ឆ្នាំរបស់កាកបាទក្រហម។

លោក ព្រំ ឆដា បានលើកឡើងថាដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង ៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើមស្របតាមទិសស្លោក"ស្រឡាញ់ខ្លួនស្ងួនចំណី"។

លោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង បានបញ្ជាក់ថាដើម្បីឱ្យសហគមន៍មានភាពធន់នឹងអាកាសធាតុ÷ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមដាំកូនឈើនៅតាមទីសាធារណៈមិនដុតឬកប់សំបកដបជ័រក្នុងដីក្នុងពេលនោះផងដែរលោកក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺគ្រុនឈាមការជួយសង្គ្រោះបឋមព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន៕
ដោយ ស៊ុម វណ្ណា





