មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ នៅអាស៊ីប៉ាស៊ីហ្វិកមនុស្ស៧៨ពាន់នាក់បានលង់ទឹកជារៀងរាល់ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា នៅអាស៊ីប៉ាស៊ីហ្វិកមនុស្សប្រមាណ៧៨ពាន់នាក់បានលង់ទឹកជារៀងរាល់ឆ្នាំ ដែលវាជាចំនួនដ៏ច្រើន ហើយបើគិតរៀងរាល់៥នាទីម្តងគឺមានអ្នកលង់ទឹកស្លាប់ម្នាក់ ដែលអត្រានៃការលង់ទឹកស្លាប់ខ្ពស់បែបនេះវាបានបង្ហាញពីការប្រឈមលើផ្នែកសុខភាពសាធារណៈ ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ ដែលប្រមាណជាង៣០ភាគរយគឺជាកុមារមានអាយុក្រោម១៥ឆ្នាំ ដែលពួកគេស្ថិតក្នុងវ័យមានចំណង់ចំណូលចិត្តខ្ពស់ក្នុងការលេងទឹកជាក្រុម និងងាយប្រឈមនឹងការលង់ទឹកបំផុត ដែលគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេស មាតា បិតា អាណាព្យបាលរបស់កុមារ លោកគ្រូ អ្នកគ្រូ ត្រូវមានការអប់រំជាប្រចាំទៅដល់ពួកគេកុំឱ្យលេងទឹកដើម្បីជាផ្នែកមួយនៃ ការការពារពួកគេចៀសផុតពីការលង់ទឹក ជាពិសេសការស្លាប់ដោយសារការលង់ទឹក។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាលបែបនេះ ក្នុងឱកាសនៃពិធីដាក់ឱ្យប្រើប្រាស់ផែនការ យុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក និងសិក្ខាសាលាពហុវិស័យស្តីពីការអនុវត្ត ផែនការយុទ្ធសាស្ត្រ ក្រោមការរៀបចំដោយក្រសួងសុខាភិបាល សហការជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាសណ្ឋាគារមេគង្គវីយូ ថោវ័រ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹកឆ្នាំ២០២៥-២០៣០ ត្រូវបានផ្តួចផ្តើមរៀបចំដោយក្រសួងសុខាភិបាល មានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ យុទ្ធសាស្រ្តចម្បងៗដែលមានក្នុងផែនការយុទ្ធជាតិនេះ គឺផ្អែកតាមតម្រូវការជាក់ស្តែងទាក់ទងនឹងមុខសញ្ញាគ្រោះថ្នាក់ ហានិភ័យ និងភាពងាយរងគ្រោះជាក់លាក់សម្រាប់ដោះស្រាយបញ្ហាការលង់ទឹកជាលក្ខណៈអន្តរវិស័យ។ ផែនការយុទ្ធសាស្ត្រជាតិនេះមានគោលដៅស្របជាមួយនឹងក្របខ័ណ្ឌសកល និងតំបន់ ហើយក្នុងនាមក្រសួងសុខាភិបាលសូមថ្លែងអំណរគុណដល់ក្រុមការងារក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមបង្កើតនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹកដ៏មានសារសំខាន់នេះ។

ឯកឧត្តមបានបន្ថែមថា ការលង់ទឹកមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងសំខាន់ដល់ធនធានមនុស្ស និងសេដ្ឋកិច្ច។ នៅទូទាំងពិភពលោកការប៉ាន់ប្រមាណការបាត់បង់ថវិកាសម្រាប់សង្គមពីការលង់ទឹកមានប្រមាណ១៤៦,៩ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៥ ដែលការបាត់បង់នេះអាចការពារបាន ហើយថា ការការពារការលង់ទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការប្តេជ្ញាចិត្តជាសកល រួមទាំងគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (ការពង្រឹងភាពធន់របស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុ) ក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០ និងការធានារ៉ាប់រងសុខភាពសកល ជាពិសេសអន្តរាគមន៍ការពារការលង់ទឹកអាចរួមចំណែកដល់គោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាច្រើន។

បើតាមក្រសួងសុខាភិបាលថា នៅកម្ពុជាការលង់ទឹកគឺមានការកើតឡើងជាបន្តបន្ទាប់តាមរូបភាព និងប្រភេទផ្សេងៗគ្នាទាំងនៅរដូវវស្សា(ទឹកជំនន់) និងរដូវប្រាំង។ ការលង់ទឹកត្រូវបានចាត់ទុកជាបញ្ហាសុខភាពសាធារណៈ ហើយក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានការពារសុខភាព បានសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា ដូចជាអង្គការសុខភាពពិភពលោកជាដើម ដែលបានផ្តួចផ្តើមដោះស្រាយបញ្ហានេះ៕


ដោយ៖ ចាន់ សុភឿន





