កម្លាំងនគរបាលខេត្តបន្ទាយមានជ័យសម្របសម្រួលពលរដ្ឋខ្មែរ ១២៦នាក់ ត្រឡប់ពីប្រទេសថៃ និងដឹកជញ្ជូនដល់គោលដៅដោយសុវត្ថិភាព
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ -- កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់តាំងកម្លាំងសរុប ៤០ នាក់ ចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងដឹកជញ្ជូនពលរដ្ឋខ្មែរចំនួន១២៦នាក់ (ស្រី៦៣នាក់) ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីភាគីថៃបានប្រកាសបិទច្រកព្រំដែនដោយឯកតោភាគី។

ប្រតិបត្តិការមនុស្សធម៌នេះត្រូវបានដឹកនាំដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធនានា។ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង១៦៖០០ល្ងាច កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន៨គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនពលរដ្ឋខ្មែរទាំងនោះទៅកាន់គោលដៅចំនួន៥រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តក្រចេះ ប្រកបដោយសុវត្ថិភាព និងភាពទទួលខុសត្រូវខ្ពស់។

ជុំវិញការងារដ៏មមាញឹកនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា «ក្នុងនាមជាកម្លាំងអនុវត្តច្បាប់ យើងមានកាតព្វកិច្ចចម្បងក្នុងការការពារ និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ការសម្របសម្រួល និងដឹកជញ្ជូនបងប្អូនពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃនេះ គឺជាការងារមនុស្សធម៌មួយដែលយើងទាំងអស់គ្នាបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាពួកគាត់បានត្រឡប់ទៅដល់គេហដ្ឋានវិញដោយសុវត្ថិភាព និងមានផាសុកភាព»។

លោកស្នងការបានបន្តទៀតថា «យើងបានត្រៀមលក្ខណៈជាស្រេចក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍ផ្សេងៗ ជាពិសេសក្នុងករណីដែលមានពលរដ្ឋខ្មែរយើងវិលត្រឡប់មកពីប្រទេសជិតខាងក្នុងចំនួនច្រើន។ ការសហការល្អរវាងកម្លាំងនគរបាល រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ គឺជាគន្លឹះជោគជ័យក្នុងការងារនេះ។ យើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីបំពេញតួនាទីរបស់យើងឱ្យបានល្អប្រសើរ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន»។ ប្រតិបត្តិការនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់កម្លាំងនគរបាលជាតិកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនពលរដ្ឋខ្មែរដែលជួបការលំបាក ពិសេសក្នុងកាលៈទេសៈដែលមានការផ្លាស់ប្តូរស្ថានភាពនៅតាមបណ្ដោយព្រំដែន៕


ដោយ ឈុន សារ៉ាត





