គណបក្សឃុំដងកាំបិតប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
AKP កំពង់ធំ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ -- នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធពិធីមីទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីសមាជិកសមាជិការបស់គណបក្ស រួមជាមួយក្រុមការងារ និងប្រជាពលរដ្ឋប្រមាណជាង៣៥០នាក់។

ឯកឧត្តម សោម ស៊ុន បានឡើងអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៧៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៥ នៅទីក្រុងភ្នំពេញ ដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករ។ តាមខ្លឹមសារនៃសុន្ទរកថារបស់សម្ដេចប្រធានគណបក្ស ដែលបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ រួមកៀកស្មាយ៉ាងជិតស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួមគឺពួកអាណានិគមនិយម។

ឯកឧត្តម សោម ស៊ុន ក៏បានគូសបញ្ជាក់តាមសុន្ទរកថាបន្ថែមទៀតថា ឆ្លងកាត់រយៈពេល៧៤ឆ្នាំកន្លងមកនេះបានបង្ហាញច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ជាពិសេសបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន រំដោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ឱ្យរួចផុតពីរបបវាលពិឃាដទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ហើយនៅឆ្នាំ១៩៩៨ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

ឯកឧត្តម សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តដឹកនាំ ថែរក្សា ការពារសន្តិភាព និងកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការដោះស្រាយតាមផ្លូវច្បាប់ទៅកាន់តុលាការយុត្តិធម៌អនអន្តរជាត (ICJ) នៅតំបន់ប្រសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី។

កញ្ញា ឈុំ ឆេងហ័រ តំណាងឱ្យអង្គមីទ្ទីង បានឡើងធ្វើការចាប់អារម្មណ៍ និងប្តេជ្ញាចិត្ត ក្នុងការឆ្លើយតបនូវគុណូបការៈដ៏ធំធេងរបស់គណបក្សអស់រយៈពេល៧៤ឆ្នាំកន្លងទៅ៖ ១- ប្តេជ្ញាគាំទ្រ និងដើរតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជជាដាច់ខាត។ ២- ប្តេជ្ញាពង្រឹងសាមគ្គីជាតិ សាមគ្គីរវាងគណបក្សនិងប្រជាជនឲ្យកាន់តែរឹងមាំជាដាច់ខាត។ ៣- ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឱ្យបានសម្រេចជោគជ័យជាដាច់ខាត៕

ដោយ ស៊ុម វណ្ណា





