ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ លើកទឹកចិត្តសិស្សានុសិស្សឧ្យខិតខំរៀនសូត្រទទួលបាននិទ្ទេសA ដើម្បីទទួលបាននូវការជិះរថយន្តក្រុងរបស់ក្រុមហ៊ុនវីរ:ប៊ុនថាំ១ឆ្នាំដោយឥតគិតថ្លៃ
AKP កំពង់ធំ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រទទួលបាននិទ្ទេសA ដើម្បីទទួលបាននូវការជិះរថយន្តក្រុងរបស់ក្រុមហ៊ុន ១ឆ្នាំដោយឥតគិតថ្លៃ។ ឯកឧត្តមអ្នកឧកញ៉ាបានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបានបង្ហាញនូវបទពិសោធន៍ល្អៗក្នុងការសិក្សារៀនសូត្រឱ្យបានពូកែក៏ដូចជាបទពិសោធន៍ក្នុងការធ្វើវិនិយោគជាពិសេសការខិតខំតស៊ូព្យាយាមធ្វើជំនួញតាំងពីបាតដៃទទេរហូតក្លាយជាអ្នកឧកញ៉ា ហើយមានអាជីវកម្មជាច្រើននៅក្នុងដៃ។

ឯកឧត្តមអ្នកឧកញ៉ាបានគាំទ្រយ៉ាងពេញទំហឹងជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈនានាព្រោះបានផ្ដល់ឱកាសដល់យុវជនក្នុងការសិក្សាជំនាញវិជ្ជាជីវៈផ្សេងៗដែលក្រោយពីការបញ្ចប់ការសិក្សានឹងមានជំនាញប្រហាក់ប្រហែលចប់ការរៀនថ្នាក់បរិញ្ញាបត្រផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអ្នកឧកញ៉ាបានលើកទឹកចិត្តដល់សិស្សានុសិស្សក៏ដូចជាអ្នកធ្វើជំនួញផ្សេងៗត្រូវព្យាយាមតស៊ូកុំបោះបង់គោលដៅ ឬមហិច្ឆតារបស់ខ្លួនទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយព្រោះការតស៊ូនេះគឺជាបទពិសោធន៍ដ៏រឹងមាំដែលឈានទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់។

សូមបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឱកាសនេះរួមមាន ផ្លូវបេតុងប្រវែង៨១៤ម៉ែត្រ តារាងបាល់បោះ កុងទីន និងរូបចម្លាក់ដែលមានតម្លៃសរុប១៥ម៉ឺនដុល្លារ៕

ដោយ ស៊ុម វណ្ណា





