អភិបាលខេត្តកំពង់ស្ពឺ ចែកកុំព្យូទ័រដល់ជំនួយការ ឃុំ សង្កាត់
AKP កំពង់ស្ពឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៥ -- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីពិធីប្រគល់កុំព្យូទ័រជូនមន្រ្តីជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ជាជំនួយឧបត្ថម្ភ របស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍ថា ការប្រគល់កុំព្យូទ័រនេះ មានគោលបំណង ដើម្បីឱ្យមន្រ្តីជំនួយការឃុំ សង្កាត់ បំពេញមុខងារ និងភារកិច្ចលើកិច្ចការគ្រប់គ្រងថវិកា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ឯកឧត្តមបណ្ឌិតជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់មន្ត្រីរាជការជំនួយការឃុំ សង្កាត់ទាំងអស់ ជាពិសេសមន្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្ទាល់ ត្រូវរួមគិត រួមធ្វើ ហើយបន្តពង្រឹងសមត្ថភាពការងារ ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

ដើម្បីផ្ដល់ក្តីសង្ឃឹម និងជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើរដ្ឋបាលឃុំ សង្កាត់មន្ត្រីនៃរដ្ឋបាលមូលដ្ឋានត្រូវពង្រឹងសមត្ថភាព ពឹងផ្អែកទៅលើការបណ្ដុះបណ្ដាល នឹងត្រូវសិក្សាស្រាវជ្រាវឱ្យបានច្រើន បន្ថែមទៀត ពោលគឺត្រូវបន្តរៀនបន្ថែមទៀត តាមរយៈវគ្គបណ្ដុះបណ្ដាល ដើម្បីយកសមត្ថភាពពិតទៅបម្រើការងារ ទៅបម្រើប្រជាពលរដ្ឋ និយាយជារួម គឺការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព គុណភាព តម្លាភាព មិនប្រកាន់ និងរើសអើង សាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕
ដោយ៖ លឹម សាន្ត





