ព្រឹត្តិការណ៍វាយសី Maestria Paint Tournament រៀបចំលើកដំបូង ប៉ុន្តែមានគោលដៅចម្បងៗក្នុងការលើកម្ពស់វិស័យកីឡាកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦--ការប្រកួតកីឡាវាយសី Maestria Paint Tournament ដែលធ្វើឡើងនៅ Niroth Soprt Club ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ដោយគណៈកម្មការបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ៣វិញ្ញាសា ខណៈអ្នករៀបចំចាត់ទុកថា ការប្រកួតលើកទី១នេះជាការបំផុសស្មារតីដល់កីឡាករយុវជន និងវ័យចាស់បានលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព រួមទាំងគោលដៅលើកស្ទួយប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែផុសផុលផងដែរ។

គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី Maestria Paint Tournament លើកទី១ ឆ្នាំ២០២៦នេះទទួលបានការចូលរួមយ៉ាងផុសផុលពីកីឡាករវ័យក្មេង និងវ័យចាស់ សរុប៦៤នាក់ ដោយចែកចេញជា៣កម្រិតវិញ្ញាសាផ្សេងៗគ្នា។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញពីវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ គឺជ័យលាភីនៃវិញ្ញាសាវាយគូបុរសទាំង៣វិញ្ញាសារួមមាន៖ វិញ្ញាសាវាយគូបុរស អាយុ១៦ដល់៣៥ឆ្នាំ មេដាយមាស កីឡាករ Vong Thykhamramonyboth និងកីឡាករ Chhorn Kimchhe, វិញ្ញាសាវាយគូបុរសកម្រិតA មេដាយមាស កីឡាករ យ៉ាន កុសល និងកីឡាករ ទេព ច័ន្ទមករា។ រីឯជ័យលាភីមេដាយមាសលើវិញ្ញាសាវាយគូបុរសអាយុ ៥០ឆ្នាំឡើងបានទៅលើកីឡាករ លឹម កៅ ដែលចាប់ដៃគូជាមួយកីឡាករ ផុន ឡេង។ ក្រោពីមេដាយមាស ក៏មានជ័យលាភីមេដាយប្រាក់ និងមេដាយសំរឹទ្ធអមវិញ្ញាសាទាំង៣នេះដូចៗគ្នាផងដែរ។

គូសបញ្ជាក់ក្រោយបញ្ចប់ការប្រកួត លោកស្រី ពៅ សុខសុភ័ក្ត្រា តំណាង Maestria Paint លើកឡើងថា ការរៀបចំព្រឹត្តិការណ៍កីឡាវាយសីលើកទី១នេះ ក្នុងគោលបំណងចម្បងក្នុងការលើកស្ទួយវិស័យកីឡាវាយសីនៅកម្ពុជាឱ្យកាន់តែមានសកម្មភាពផុសផុលឡើងបន្ថែមទៀត ក៏ដូចជាមានបំណងឱ្យយុវជនអាចចាប់យកការលេងកីឡាមួយនេះ និងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់ល្អប្រសើរទៅថ្ងៃខាងមុខ បញ្ចៀសយុវជនឱ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងក្នុងសង្គម។

ជាមួយគ្នានេះ លោកស្រីបន្ថែមថា តាមរយៈការរៀបចំនេះក៏ជាការបំផុសស្មារតីដល់យុវជន និងមហាជន ជាពិសេសកីឡាករវ័យចាស់ៗបានចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជាជំរុញឱ្យកីឡាករនានាបានចូលរួមសប្បាយរីករាយ បានស្គាល់គ្នា ជាពិសេសបានផ្តល់ឱកាសជូនដល់ពួកគាត់ក្នុងការបង្កើនគុណភាពបច្ចេកទេស ក្នុងការប្រកួតនេះដងដែរ។ ការរៀបចំកីឡាវាយសីលើកដំបូងនេះទទួលបានការចូលរួមប្រកួតយ៉ាងផុសផុលរហូតដល់ ៦៤នាក់ ហើយថ្វីដ្បិតតែនេះជាការប្រកួតលក្ខណៈមិត្តភាព ប៉ុន្តែការប្រកួតជាក់ស្តែងគឺពិតជាមានបច្ចេកទេសល្អមានភាពស្វិតស្វាញយ៉ាងខ្លាំងផងដែរ រហូតដល់គណៈកម្មការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ៣វិញ្ញាសានេះ៕

ដោយ ហេង ណាលីន





