មន្ត្រីក្រសួងវប្បធម៌ សង្ឃឹមថា វេទិកា“Hi View” បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នឹងបម្រើដល់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងការបន្តស្នងថែរក្សា ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ខ្មែរបែបឌីជីថលទៅកាន់ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ -- មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បង្ហាញក្ដីសង្ឃឹមថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខ តាមរយៈដៃគូសហប្រតិបត្តិការពីប្រទេសចិន និងវេទិកា “Hi View” បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នឹងបម្រើដល់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងការបន្តស្នងថែរក្សា ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ខ្មែរបែបឌីជីថលទៅកាន់ពិភពលោក ព្រមទាំងកសាងស្ពានថ្មីសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ឌីជីថលរវាងកម្ពុជា-ចិន។

ក្នុងកម្មវិធី «សន្និសីទអ្នកអភិវឌ្ឍន៍Hi View ឆ្នាំ២០២៥» នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉ាហ្វ៊លឡឺរ៉ូយ៉ាល់ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា កិច្ចសហប្រតិបត្តិការ“Hi View” បានបង្ហាញយ៉ាងពេញលេញនូវភាពជួយគ្នាទៅវិញទៅមក ដោយក្រុមការងារចិនផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងក្រុមការងារកម្ពុជាផ្តោតលើវប្បធម៌ក្នុងស្រុក ហើយអ្នកបង្កើតមាតិកាគឺផ្តោតលើនវានុវត្តន៍មាតិការបស់ខ្លួន។

លោកថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងគាំទ្រយ៉ាងពេញទំហឹង ដល់ការអភិវឌ្ឍន៍វេទិកា “Hi View” ហើយ ទន្ទឹងរង់ចាំដៃគូសហប្រតិបត្តិការចិនកសាងមូលដ្ឋាន និងឧស្សាហកម្មបណ្តុះបណ្តាលធនធានមនុស្សវប្បធម៌ឌីជីថល AIGC នៅកម្ពុជា ក្នុងគោលដៅចង់បង្ហាញពីភាពច្នៃប្រឌិតរបស់យុវជនកម្ពុជាជំនាន់ថ្មី ដើម្បីធ្វើឱ្យវប្បធម៌ខ្មែរកាន់តែមានភាពរស់រវើក»។

លោកស្រី ធៀន ណារុំ អ្នកចាត់ការទូទៅក្រុមហ៊ុន BKL MEDIA PRODUCTION បានប្ដេជ្ញាថា ក្នុងនាមជាតំណាងរបស់ Hi View ប្រចាំនៅកម្ពុជា ក្រុមហ៊ុន BKL នឹងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងភាគីសហប្រតិបត្តិការកម្ពុជានិងចិន ក្នុងវិស័យបច្ចេកវិទ្យា AIGC និងការវិស័យផលិតកម្មបង្កើតមាតិកា។ «ការគាំទ្រផ្នែកបច្ចេកទេសពីដៃគូសហប្រតិបត្តិការចិន បានអនុញ្ញាតឱ្យកម្លាំងបច្ចេកទេស និងប្រាជ្ញាវប្បធម៌នៃប្រទេសទាំងពីរ រួមបញ្ចូលគ្នា ជួយអរិយធម៌ខ្មែរឈានជើងទៅកាន់ឆាកអន្តរជាតិ ដើម្បីបង្ហាញពីភាពទាក់ទាញរបស់ខ្លួនទៅកាន់ពិភពលោក»។

លោក Wang Jie ប្រធានចាត់ការទូទៅក្រុមហ៊ុន Guangxi YaoxiangCulture Communication យល់ឃើញថា បច្ចុប្បន្ន វេទិកា Hi View បានកសាងទម្រង់មាតិកាដ៏សម្បូរបែប និងចម្រុះ ដោយមានប្រធានបទគ្របដណ្តប់លើសាច់រឿង ស្នេហា កំប្លែង សាលារៀន វិទ្យាសាស្ត្រប្រឌិត ទេសចរណ៍ វប្បធម៌ ជាដើម ហើយឃ្លាំងមាតិកា ពិសេសមាតិកាវីដេអូក្នុងស្រុករបស់កម្ពុជា កំពុងបន្តធ្វើបច្ចុប្បន្នភាព និងពង្រីកជាបន្តបន្ទាប់។ មូលហេតុដែលជួយឱ្យយើងសម្រេចបាននូវការច្នៃប្រឌិត និងការកើនឡើងនូវមាតិកាក្នុងស្រុករបស់កម្ពុជា គឺដោយសារការស្រាវជ្រាវជាបន្តបន្ទាប់របស់យើងអំពីការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងវិស័យផលិតមាតិកាចាប់តាំងពីឆ្នាំ ២០២៤ មក។

លោក លីវ ស៊ីនយុន អនុប្រធានចាត់ការទូទៅក្រុមហ៊ុន Guangxi YaoxiangCulture Communication បានឱ្យដឹងថា នៅលើការផលិតមាតិកាតាមតម្រូវការដោយ AI នៅលើវេទិកា Hi View បច្ចុប្បន្នក្រុមហ៊ុនYaoxiang បានប្រមូលផ្តុំដៃគូសហប្រតិបត្តិការបច្ចេកវិទ្យា AIGC ឈានមុខគេមួយចំនួននៅប្រទេសចិន ដោយបានកសាងសមត្ថភាពផលិតមាតិកា AIGC រួមមាន ការផលិតតួអង្គឌីជីថល AI ការផលិតគំនូរជីវចល 3D AI ការបង្កើតរូបភាព និងវីដេអូដោយ AI ពីអត្ថបទ, ការបកប្រែ និងបញ្ចូលសំឡេង AI ច្រើនភាសា ជាដើម៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សិរី ឧត្តម





