ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យដីដំណាំបន្លែ ជំរុញផលិតកម្មផ្គត់ផ្គង់កងទ័ពជួរមុខ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៥–
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែ ដែលមានគោលបំណងសំខាន់ក្នុងការផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ។

ដំណើរទស្សនកិច្ចដ៏សំខាន់នេះបានធ្វើឡើងនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងបេសកកម្មចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចំណាយពេលពិនិត្យមើលលទ្ធភាពដីជាក់ស្ដែង និងបានផ្តល់នូវប្រសាសន៍ណែនាំដ៏សំខាន់ៗ និងម៉ឺងម៉ាត់ដល់មន្ទីរកសិកម្មខេត្ត។ ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំផែនការផលិតកម្មដំណាំបន្លែឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

ប្រសាសន៍ណែនាំដ៏មុតស្រួចរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រួមមាន ការផ្តោតលើដំណាំបន្លែប្រើប្រាស់រយៈពេលខ្លី ឯកឧត្តមបានជំរុញឱ្យជ្រើសរើសប្រភេទដំណាំបន្លែណាដែលអាចប្រមូលផលបានឆាប់រហ័ស ដើម្បីធានាបាននូវការផ្គត់ផ្គង់ជាប្រចាំ និងទាន់ពេលវេលាដល់តម្រូវការបន្ទាន់របស់កងទ័ព។

ដើម្បីសម្រេចបាននូវផលិតកម្មទ្រង់ទ្រាយធំ និងឆាប់រហ័ស ការរៀបចំកម្លាំងពលកម្មដែលមានចំនួនគ្រប់គ្រាន់ និងមានសមត្ថភាព គឺជាកត្តាចម្បងមួយដែលឯកឧត្តមបានគូសបញ្ជាក់។
ការអភិវឌ្ឍប្រព័ន្ធស្រោចស្រពប្រកបដោយប្រសិទ្ធភាព ប្រព័ន្ធធារាសាស្ត្រទំនើប និងមានប្រសិទ្ធភាព គឺជាគន្លឹះជួយបង្កើនទិន្នផល និងធានាការលូតលាស់របស់ដំណាំបន្លែ ជាពិសេសក្នុងរដូវប្រាំង។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសង្កត់ធ្ងន់ថា ការអនុវត្តតាមប្រសាសន៍ណែនាំទាំងនេះនឹងជួយជំរុញការងារផលិតកម្មដំណាំបន្លែនេះឱ្យប្រព្រឹត្តទៅបានលឿន រហ័ស និងទាន់សភាពការណ៍ ស្របតាមតម្រូវការជាក់ស្ដែងរបស់កងទ័ពជួរមុខ។ ការគាំទ្រផ្នែកស្បៀងអាហារ ជាពិសេសបន្លែស្រស់ៗ គឺជាកត្តាចាំបាច់ក្នុងការធានាសុខភាព និងកម្លាំងរបស់កងទ័ពក្នុងការបំពេញភារកិច្ចការពារជាតិ៕
ដោយ៖ ឈុន សារ៉ាត





