លោក អ៊ុក ចន្ថា ៖ ការបង្កើតក្រុមចូលរួមប្រកួតកីឡាមហាជនរាជធានី ជាការអភិវឌ្ឍកីឡា និងចូលរួមកាត់បន្ថយអបាយមុខក្នុងសង្គមជាតិ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥--
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះ ដែលជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់យុវជន មហាជនឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើអបាយមុខផ្សេងៗ ក្នុងសង្គមជាតិ។

ថ្លែងក្នុងឱកាសបិទការប្រកួតកីឡាមហាជន ជើងឯករាជធានីភ្នំពេញ នៅទីលានវិទ្យាល័យជាស៊ីមបឹងកេងកង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អ៊ុក ចន្ថា បានបន្ថែមទៀតថា ការហាត់ និងលេងកីឡា ជាកត្តាចាំបាច់ ដែលនាំមកនូវការស្គាល់ យល់គ្នា និងស្រឡាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើងមានការឯកភាព និងសាមគ្គីភាពដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើង។ ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយឱ្យស្របនឹងការវិវត្តន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។
ក្នុងនាមយលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក អ៊ុក ចន្ថា បានសង្កត់ធ្ងន់ថា តាមរបាយការណ៍របស់គណ:កម្មការរៀបចំការប្រកួត ក្រុមដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះបានខិតខំទៅតាមសមត្ថភាពដែលខ្លួនបានហ្វឹកហាត់ ហើយបានយកចិត្តទុកដាក់គោរពបទបញ្ជាបច្ចេកទេសនៃប្រភេទកីឡានីមួយៗ ក្នុងការដណ្តើមយកជ័យលាភីផងដែរ។

ជាមួយគ្នានេះ លោក សេង ស្រេង ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំរាជធានីភ្នំពេញបានជម្រាបជូនថា ការប្រកួតនេះមានប្រភេទកីឡាបាល់ទាត់ បាល់បោះ (បុរស-នារី) បាល់ទះ (បុរស-នារី) និងអត្តពលកម្ម ដែលគណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីរួចរាល់ ដោយការប្រកួតបានចាប់ដំណើរការពីថ្ងៃទី២៣-២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៦២២នាក់។ ចំពោះប្រភេទកីឡាបាល់ទាត់ គឺក្រុម KMN FC គ្រងតំណែងជើងឯក បន្ទាប់ពីបានយកឈ្នះលើក្រុមវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដោយទាត់បាល់១១ម៉ែត្រកាត់សេចក្តី ដោយលទ្ធផលបច្ចេកទេស ៨-៧ នៅវគ្គផ្តាច់ព្រ័ត្រ៕

ដោយ ហេង ណាលីន





