វត្តដំណាក់បានរៀបចំបំបួសកុលបុត្រចំនួន ៣៦រូបជាភិក្ខុភាវៈតាមទំនៀមរបស់វត្ត
AKP សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ --
វត្តដំណាក់ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំបំបួសកុសលបុត្រចំនួន ៣៦ភិក្ខុភាវៈ តាមទំនៀមរបស់វត្ត ដែលតែងតែប្រារព្ធអស់កាល ៥ ឬ ៦ឆ្នាំជាប់ៗគ្នាមកហើយ ដើម្បីទ្រទ្រង់ពុទ្ធសាសនាឱ្យបានស្ថិតស្ថេរចិរកាលទៅមុខ និងដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើង។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥ នេះ។

ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ ក្រុងសៀមរាប បានមានថេរដីការថា អត្ថន័យនៃការបួសផ្នែកតាមបុរាណាចារ្យខ្មែរ លោកជឿថា ការបួស គឺដើម្បីសងគុណឪពុកម្តាយជាអ្នកមានគុណរបស់ខ្លួន ដោយបានបង្កើតពុំនោលទុកមកថា "បួសណេនសងគុណម៉ែ បួសភិក្ខុសងគុណឪ"។ ក្នុងឆ្នាំនេះមានកុលបុត្រចំនួន ៣៦នាក់ បានមានសទ្ធាជ្រះថ្លាបំពេញឧបសម្បទាជាភិក្ខុភាវៈ ក្រោយបានបួសជាសាមណេរអស់រយៈពេលជាច្រើនវស្សាមកហើយ ។

ចំពោះការបំពេញឧបសម្បទាជាភិក្ខុភាវៈនេះ គឺជាកិច្ចមួយដើម្បីបំពេញលក្ខណៈជាអ្នកបួសឱ្យបានគ្រប់លំដាប់ក្នុងវិន័យបញ្ញត្តិ ពោលគឺសាមណេរដែលមានព្រះជន្ម ២០វស្សាហើយ គឺអាចបំពេញឧបសម្បទាជាភិក្ខុបានហើយ។ ប៉ុន្តែបើកុលបុត្រណាមិនទាន់មានបំណងបំពេញឧបសម្បទា ក៏អាចបន្តស្ថិតនៅក្នុងភាពសាមណេរបាន មិនជាអ្វីនោះទេ។ ប្រយោជនៃការបំពេញឧបសម្បទានេះ គឺ ១. បានតម្លើងឋានៈរបស់ខ្លួនពីកម្រិតទាបទៅកាន់កម្រិតខ្ពស់មួយក្នុងពុទ្ធសាសនា ២. បានជួយបន្តទ្រទ្រង់ពុទ្ធសាសនាតាមរយៈភេទជាអ្នកទ្រទ្រង់ត្រៃចីវរ (អ្នកបួស) ៣. បានបន្តចម្រើននិស្ស័យជាអ្នកបួស ពោលគឺបានបន្តបំពេញនេក្ខម្មបារមីបន្តទៀត និង ៤. នឹងបានជាសម្មតិសង្ឃស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទបំពេញបុណ្យកុសល រក្សាសីល និង ចម្រើនមេត្តាភាវនាជាដើម។ លើសពីនេះទៅទៀត គឺដើម្បីបានឱកាសបន្តការសិក្សារៀនសូត្រវិជ្ជាផ្សេងៗទាំងពុទ្ធចក្រ និង អាណាចក្រឱ្យបានកាន់តែទៅលំទូលាយ ៕

ដោយ: ឃុត សៅ





